សន្និសីទសារព័ត៌មានស្តីពី “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦”
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--
ឯកឧត្តម សំ សិទ្ធិសេរី អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នៅរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញក្នុងសន្និសីទសារព័ត៌មានដើម្បីបើកទទួលពាក្យសម្រាប់ “កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦” ក្រោមប្រធានបទ “លើកកម្ពស់នវានុវត្តន៍កម្ពុជា ឆ្ពោះទៅកម្រិតសកល” ដោយមានការអញ្ជើញចូលរួមពីអង្គភាពសារព័ត៌មានជាច្រើនផងដែរ នៅទីស្តីការ ក.ប.ទ.។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ ជាកម្មវិធីផ្ដល់ពានរង្វាន់ឌីជីថលដែលទទួលស្គាល់ថ្នាក់ជាតិលើសមិទ្ធផល និងស្នាដៃនវានុវត្ដន៍ឌីជីថលឆ្នើមនៅកម្ពុជា។ រយ:ពេល១២ឆ្នាំកន្លងមក, កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាបានក្លាយជាវេទិកាឈានមុខគេដែលប្រមូលផ្តុំទៅដោយធុរកិច្ចថ្មីឌីជីថល,នវានុវត្តន៍ករឌីជីថល,ក្រុមហ៊ុន និង ស្ថាប័នដែលមានភាពច្នៃប្រឌិត និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញនវានុវត្ដន៍ ពង្រឹងសមត្ថភាពនវានុវត្តន៍ និងសេដ្ឋកិច្ចឌីជីថលកម្ពុជា អភិវឌ្ឍប្រព័ន្ធអេកូឡូស៉ីឌីជីថលជាតិ និងភ្ជាប់ធុរកិច្ចថ្មីឌីជីថលកម្ពុជាទៅកាន់ទីផ្សារថ្នាក់តំបន់និងអន្ដរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ នៅតែបន្ដបេសកម្មក្នុងការពន្លឿនបរិវត្តកម្មឌីជីថលរបស់កម្ពុជា តាមរយៈការលើកកម្ពស់ដល់នវានុវត្តន៍ឆ្នើម,ក្រុមហ៊ុន និង ស្ថាប័នឆ្នើមដែលរួមចំណែកដល់សុវត្ថិភាពសង្គម កំណើនសេដ្ឋកិច្ចឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ លើកទឹកចិត្តដល់អ្នកនវានុវត្ដន៍ករឌីជីថលដែលមកពីគ្រប់បណ្ដាវិស័យទាំងអស់ ចូលរួមចំណែកសម្រាប់កសាងសង្គម និងឌីជីថលូបនីយកម្ម។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បង្កើតឡើងក្នុងគោលបំណងចំនួនបួនគឺ ទី១ ការទទួលស្គាល់(Recognition): ផ្ដល់ការទទួលស្គាល់ថ្នាក់ជាតិដល់ផលិតផលឬសេវាកម្មឆ្នើមដែលជំរុញឱ្យមានបរិវត្តកម្មឌីជីថលនៅកម្ពុជា។ ទី២ ការជំរុញគាំទ្រ(Empowerment): គាំទ្រអាជីវកម្មនិងស្ថាប័ននានានៅក្នុងការរួមបញ្ចូលបច្ចេកវិទ្យាទំនើប និងនវានុវត្ដន៍ ដើម្បីការរីកចម្រើនប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។ ទី៣ ការផ្សារភ្ជាប់ទំនាក់ទំនង(Connection): ពង្រឹងកិច្ចសហប្រតិបត្តិការទាំងថ្នាក់តំបន់និងអន្ដរជាតិរវាងនវានុវត្តន៍ករនិងវិនិយោគិនដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលព្រមទាំងពង្រឹងវិសាលភាពឆ្ពោះទៅកម្រិតសកល។ ទី៤ ការផ្តល់ឱកាស(Opportunity): ជាវេទិកាឌីជីថល សម្រាប់នវានុវត្តន៍ករឆ្នើមទាំងអស់ក្នុងការបង្ហាញនូវស្នាដៃនិងសមិទ្ធិផលរបស់ ដើម្បីទាក់ទាញការវិនិយោគ និងតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។

កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាជាវេទិការឌីជីថល ដែលលើសពីការប្រកួតប្រជែង ប៉ុន្ដែក៏ជាផ្នែកមួយក្នុងការជម្រុញឱ្យមានការវិនិយោគផងដែល ជាក់ស្ដែងកាលពីឆ្នាំ២០២៥ ម្ចាស់ជ័យលាភីរងនៃពានរង្វាន់រដ្ឋមន្រ្តីសម្រាប់ធុរកិច្ចថ្មីឌីជីថលបានទាក់ទាញការវិនិយោគទុនពីក្រុមហ៊ុន Plug and Play ផងដែរ។ ជោគជ័យនេះបានស្តែងឱ្យឃើញពីស្តង់ដារដ៏ខ្ពស់របស់ការប្រកួតព្រមទាំងបង្ហាញពីឱកាសសម្រាប់ធុរកិច្ចថ្មីឌីជីថលនិងអ្នកច្នៃប្រឌិតក្នុងការឈានជើងចូលឆាកអន្តរជាតិ។
កម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បើកទទួលពាក្យសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា,ធុរកិច្ចថ្មីឌីជីថល, និងស្ថាប័នស្រាវជ្រាវ ទាំងអស់អាចដាក់ពាក្យចូលរួមកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ បាន។ រង្វាន់សរុបជាទឹកប្រាក់ចំនួន ៣០ ០០០ ដុល្លារអាមេរិក នឹងត្រូវបែងចែកទៅតាមប្រភេទពានរង្វាន់ទាំង ៥ ទី១ ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលឆ្នើមប្រចាំឆ្នាំ ទី២ ពានរង្វាន់ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថលឆ្នើមប្រចាំឆ្នាំ ទី៣ ពានរង្វាន់មាតិកាឌីជីថលឆ្នើមប្រចាំឆ្នាំ ទី៤ ពានរង្វាន់ស្ថាប័នឯកជនឆ្នើមប្រចាំឆ្នាំ និងទី៥ ពានរង្វាន់ផលិតផលបរិយាបន្នឌីជីថលឆ្នើមប្រចាំឆ្នាំ ។
នវានុវត្តន៍ករកម្ពុជានិងស្ថាប័ននានាដែលមានចំណាប់អារម្មណ៍ និងបំណងចុះឈ្មោះចូលរួមប្រកួតប្រជែងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ឆ្នាំ២០២៦ (Cambodia Digital Awards 2026) អាចចុះឈ្មោះតាមតំណរភ្ជាប់https://mptc.gov.kh/cda26/ បើកទទួលពាក្យចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០២៦ ៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





