នាយក SDF ចុះពិនិត្យវឌ្ឍនភាពរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីខេត្កកំពង់ធំ ដើម្បីត្រៀមបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦--
ក្រុមការងារមូលនិធិអភិវឌ្ឍជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ រួមជាមួយសមាគមស្វាយចន្ទីកម្ពុជា (CAC) នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦ បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មកែច្នៃគ្រាប់ស្វាយចន្ទី នៅរោងចក្រ Pinex Agro និង MIRARTH Agri Tech នៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា បេសកកម្មនេះ ធ្វើឡើងដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងផែនការវិនិយោគរបស់រោងចក្រ សំដៅរៀបចំការបណ្តុះបណ្តាលកម្លាំងពលកម្មប្រកបដោយជំនាញឱ្យចំតម្រូវការជាក់ស្តែង ក៏ដូចជាចូលរួមប្រែក្លាយខេត្តកំពង់ធំឱ្យទៅជា «មជ្ឈមណ្ឌលកែច្នៃ និងនាំចេញស្វាយចន្ទី» ប្រកបដោយប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ៦ខែកន្លងមកនេះ SDF បានគាំទ្រថវិកាដល់ការបណ្តុះបណ្តាលសិក្ខាកាមជំនាញសរុបចំនួន ៣៦ ៦៧៨ នាក់ មានស្រ្តី ៣១ភាគរយ លើវិស័យអាទិភាពចំនួន៩ តាមរយៈកម្មវិធីយុទ្ធសាស្ត្រសំខាន់ៗដូចជា កម្មវិធីរួមគ្នាបណ្តុះបណ្តាល កម្មវិធីផ្គូផ្គងជំនាញ កម្មវិធីគាំទ្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មវិធីជំនាញខ្ញុំ ការងារខ្ញុំជាដើម៕

ដោយ ណយ នឿន (ប្រភព៖SDF)





