អ្នកនាំពាក្យព្រឹទ្ធសភា៖ ថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ ដែលទទួលបាននូវការបញ្ជាក់ថា នឹងអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា និងអន្តរសភា គឺមានជាង៥០ប្រទេស ខណៈអង្គការអន្ដរជាតិជាង១០
AKP ភ្នំពេញ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ននីតិប្បញ្ញត្តិ ដែលទទួលបាននូវការបញ្ជាក់ថា នឹងអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា និងអន្តរសភា ដែលកម្ពុជា រៀបចំធ្វើជាម្ចាស់ផ្ទះនៅចុងខែសីហា ឆ្នាំ២០២៦ខាងមុខ គឺមានប្រមាណជាង៥០ប្រទេសហើយ ក្នុងនោះ ក៏មានអង្គការអន្ដរជាតិ បានបញ្ជាក់ចូលរួមជាង១០ ផងដែរ។ ការគូសបញ្ជាក់របស់ឯកឧត្ដមអ្នកនាំពាក្យបែបនេះ ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្ដម ជា ធីរិទ្ធ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «និយាយជារួមសម្រាប់ក្របខ័ណ្ឌ ថ្នាក់ដឹកនាំនៃបណ្ដាស្ថាប័ននីតិប្បញ្ញត្តិ យើងទទួលបាននូវការបញ្ជាក់ថាថ្នាក់ដឹកនាំទាំងអស់នោះ នឹងអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភា និងអន្តរសភានេះ គឺមានប្រមាណជាង៥០ប្រទេសហើយ។ ប៉ុន្តែអាចនឹងមានការកើនឡើងបន្ថែមទៀត ខណៈពេលសន្ដិសីទរបស់យើងនឹងអាចឈានចូលមកដល់នៅប្រហែលជាង១ខែទៀត ក្នុងនោះអង្គការអន្ដរជាតិ ក៏មានប្រមាណជាង១០ដែរ រួមទាំងបញ្ញវន្ដ និងអ្នកជំនាញផ្សេងៗទៀត ដែលបានបញ្ជាក់ពីវត្ដមាននៃការចូលរួមក្នុងពេលខាងមុខ»។ ឯកឧត្ដមបានលើកឡើងថា ច្បាស់ណាស់ថា តាមរយៈសកម្មភាពដែលម្ពុជា ធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភា និងអន្ដរសភានេះ គឺឆ្លើយតបទៅនឹងទិសដៅរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា ដែលបានដាក់ទិសដៅពីរសំខាន់ ទី១ គឺការងារនៅក្នុងប្រទេសគឺគណនេយភាពនៅក្នុងអង្គបោះឆ្នោតជាមួយសមាជិកព្រឹទ្ធសភា និងចំណុចទី២ គឺការទូតសភា ដែលជាចំណុចដ៏សំខាន់ដែលសម្ដេចតេជោបានដាក់ចេញក្នុងទិសដៅមួយសម្រាប់ការបំពេញបន្ថែមដល់ស្ថាប័ននីតិប្រតិបត្តិដែលបានអនុវត្ដន៍ក្នុងក្របខ័ណ្ឌទំនាក់ទំនងការទូត។
ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានបន្ថែមថា ក្នុងនាមស្ថាប័ននីតិប្បញ្ញាត្ដិ គឺបានចូលរួមចំណែកបន្ថែមទៀតនៅក្នុងពង្រីកនូវកិត្យានុភាព ក៏ដូចជាទំនាក់ទំនងរបស់កម្ពុជា នៅលើឆាកអន្ដរជាតិគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលស្ថាប័ននីតិប្បញ្ញាត្ដិ ក៏មានកិច្ចការងារធ្វើ ប៉ុន្ដែស្ថាប័ននីតិប្រតិបត្តិក៏មានការងារធ្វើ ដើម្បីបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។ ឯកឧត្ដមបានសង្កត់ធ្ងន់ថា៖ «អីចឹង នេះគឺជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ និងស្របទៅនឹងទិសដៅរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា សម្រាប់បរិបទនៅក្នុងប្រទេសកម្ពុជា ក្នុងការចូលរួមចំណែកក្នុងព្រឹត្ដិការណ៍បែបប្រវត្ដិសាស្រ្ដអន្ដរជាតិនេះ»៕

ដោយ៖ ទេស ច័ន្ទសុធារី រូបថត៖ រិទ្ធី




