ឯកឧត្តម ថោ ជេដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ចំពោះព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាពដើម្បីវិបុលភាពគ្រួសារ និងសង្គម
AKP កំពង់ធំ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញ ចំពោះព័ត៌មានក្លែងក្លាយ និងរួមគ្នារក្សាសុខសន្តិភាពដើម្បីវិបុលភាពគ្រួសារ និងសង្គម។ ឯកឧត្តមបានអំពាវនាវដូចនេះក្នុងឱកាសជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ នេះ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួនត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ (Fake News) ហើយបងប្អូនប្រជាពលរដ្ឋត្រូវចេះពិចារណា និងផ្ទៀងផ្ទាត់ព័ត៌មានឱ្យបានច្បាស់លាស់ពីប្រភពផ្លូវការ ឬស្ថាប័នព័ត៌មានដែលមានវិជ្ជាជីវៈ មុននឹងជឿ ឬចែករំលែក (Share) បន្តដើម្បីការពារកុំឱ្យមានការយល់ច្រឡំ និងការបង្កភាពវឹកវរក្នុងសហគមន៍។


ទន្ទឹមនឹងនេះ ឯកឧត្តម ថោ ជេដ្ឋា បានដាស់តឿនឱ្យប្រជាពលរដ្ឋមានការគ្រប់គ្រង និងរៀបចំហិរញ្ញវត្ថុគ្រួសារឱ្យបានល្អប្រសើរ។ បងប្អូនត្រូវចេះសន្សំសំចៃ និងធ្វើការចំណាយទៅលើតែអ្វីដែលជាតម្រូវការចាំបាច់បំផុតនៅក្នុងជីវភាពប្រចាំថ្ងៃ ចៀសវាងការចំណាយខ្ជះខ្ជាយលើសម្ភារនិយម ឬការបង្កើតបំណុលដែលមិនចាំបាច់ដែលអាចនាំឱ្យប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចគ្រួសារ។


ឯកឧត្តម ថោ ជេដ្ឋា បានរំលឹកថា រាល់ការអភិវឌ្ឍ និងការរស់នៅដោយមានភាពសុខដុមរមនា និងវិបុលភាពទៅបាន គឺអាស្រ័យដោយសារប្រទេសជាតិមាន «សុខសន្តិភាព» ពេញលេញ។ ដូចនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាកសាងអំពើល្អក្នុងមូលដ្ឋាន ស្រឡាញ់ និងការពារសន្តិភាព ទើបយើងមានឱកាសពេញលេញក្នុងការប្រកបរបរចិញ្ចឹមជីវិត និងអភិវឌ្ឍសហគមន៍ឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនោះមានការអញ្ជើញចូលរួមពីប្រជាពលរដ្ឋជាមេគ្រួសារប្រមាណជា ២.២៤១គ្រួសារ ហើយឯកឧត្តមប្រធានក្រុមការងារបានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមួយគ្រួសារទទួលបានមី ១កេស និងថវិកា ២ម៉ឺនរៀល៕
ដោយ៖ ស៊ុម វណ្ណា





