កម្មវិធីអប់រំបំណិនជីវិត និងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ជួយឱ្យកុមារ និងយុវជនកម្ពុជាទទួលបាននូវជំនាញសតវត្សរ៍ទី២១
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- រយៈពេលបីឆ្នាំកន្លងមកនេះ អង្គការយូនីសេហ្វបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការគាំទ្រ និងលើកកម្ពស់ «កម្មវិធីអប់រំបំណិនជីវិត» និងកម្មវិធី «ការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ»។ កម្មវិធីទាំងនេះបានជួយឱ្យកុមារ និងយុវជនកម្ពុជាទទួលបាននូវជំនាញសតវត្សរ៍ទី២១ រួមមាន៖ ការគិតបែបស៊ីជម្រៅ ការដោះស្រាយបញ្ហា ការប្រាស្រ័យទាក់ទង ការសហការគ្នា ការច្នៃប្រឌិត និងចំណេះដឹងផ្នែកឌីជីថល ដោយវិធីសាស្ត្រសិក្សាដែលផ្តោតលើការដោះស្រាយបញ្ហាជាក់ស្តែងរបស់កម្មវិធីអប់រំបំណិនជីវិតបានជួយឱ្យសិស្សានុសិស្សអាចស្វែងយល់ពីបញ្ហានានាក្នុងសហគមន៍ ដូចជា ការប្រែប្រួលអាកាសធាតុ អាពាហ៍ពិពាហ៍វ័យក្មេង សុវត្ថិភាពតាមប្រព័ន្ធអនឡាញ និងសមភាពយេនឌ័រ ហើយបានជំរុញឱ្យពួកគេបង្កើតជាដំណោះស្រាយជាក់ស្តែងដើម្បីដោះស្រាយបញ្ហាទាំងនោះ។

បើតាមក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៥ មន្ត្រីអប់រំ និងលោកគ្រូ-អ្នកគ្រូជាង ៤.០០0នាក់ បានទទួលការបណ្តុះបណ្តាលក្នុងការអនុវត្តកម្មវិធីអប់រំបំណិនជីវិត និងកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ ដើម្បីយកទៅបង្រៀនសិស្សានុសិស្សជាង ៤២៩.០០០នាក់ នៅតាមសាលារៀនចំនួន ៩៨៧ ក្នុងខេត្តចំនួន១០ ដែលនេះជាភាពរីកចម្រើនមួយគួរឱ្យកត់សម្គាល់។


សូមជម្រាបថា បច្ចុប្បន្ននេះកម្មវិធីអប់រំបំណិនជីវិតបានក្លាយជាមុខវិជ្ជាស្នូលមួយនៅក្នុងកម្មវិធីសិក្សាជាតិ ចាប់ពីថ្នាក់ទី៤ ដល់ថ្នាក់ទី៩ ខណៈដែលកម្មវិធីការស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ គឺជាសកម្មភាពក្រៅប្រព័ន្ធសិក្សានៅតាមគ្រឹះស្ថានមធ្យមសិក្សាទុតិយភូមិ ដោយអនុវត្តតាមវិធីសាស្ត្ររៀនតាមរយៈការធ្វើគម្រោង។ កម្មវិធីទាំងនេះកំពុងរួមចំណែកកសាងធនធានមនុស្សជំនាន់ថ្មីឱ្យក្លាយជាធនធានដែលមានទំនុកចិត្តខ្ពស់ ប្រកបដោយគំនិតច្នៃប្រឌិត និងជាពលរដ្ឋសកម្ម ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមអភិវឌ្ឍអនាគតរបស់ប្រទេសកម្ពុជា៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





