សម្ដេចធិបតី ហ៊ុន ម៉ាណែត សរសើរ អត្ថបទ មេទ័ព លីពូ ថា បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែងច្រើន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនសម្ដេចដែលមានគណនីឈ្មោះ (Hun Manet) នារសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានសរសេរបង្ហោះដោយមានខ្លឹមសារថា «ថ្ងៃនេះខ្ញុំទើបបានអាន នូវអត្ថបទថ្មីមួយរបស់គណនីឈ្មោះ មេទ័ព លីពូ ដែលអត្ថបទជាច្រើនរបស់គាត់សរសេរបានល្អ បែបសាបៗ ងាយយល់ ប៉ុន្តែមានន័យជ្រៅ និងផ្អែកលើទិដ្ឋភាពជាក់ស្តែងច្រើន។ ខ្ញុំសូមយកមកផុសបន្ត អត្ថបទបែបកំប្លែងថ្មីមួយនេះអំពី បណ្ឌិតចេះគ្រប់រឿង ជូនបងប្អូនអានកម្សាន្តដូចខាងក្រោម÷
អង្គុយស្តាប់បណ្ឌិតម្នាក់ឡើងវិភាគ ក៏នឹកឃើញដល់រឿង « បណ្ឌិត និង អ្នកចែវទូក » នៅស្រុកចិន ពេលជិះទូកឆ្លងទន្លេ ក្រុមបណ្ឌិតគេនាំគ្នាពិភាក្សាគ្នាសុខៗ ក៏ចាប់ផ្តើមសួរ សំនួរជាច្រើនទៅកាន់អ្នកចែវទូក ដោយសារគាត់គ្មានចំណេះដឹង គ្មានបទពិសោធន៍ គ្មានទាំងឱកាសសិក្សា បានត្រឹមប្រើកម្លាំងរកស៊ីចែវទូកចិញ្ចឹមជីវិត ម៉េចនិងអាចឆ្លើយសំនួរ ជ្រៅៗរបស់ណ្ឌិតបាន ។
ក្រុមបណ្ឌិតក៏និយាយថា អ្នកចែវទូកឯង អត់បានសិក្សា ជីវិតបរាជ័យ ៥០% អត់ដែលធ្វើការងារ អត់បទពិសោធន៍ បរាជ័យ ២៥% បើពឹងលើមុខរបរចែវទូកនេះ ឱកាសជោគជ័យក្នុងជីវិតមានតែ ២៥% ប៉ុណ្ណោះ ។
អ្នកចែវទូកទោះបី គេនិយាយដៀមដាម វិភាគពីជីវិតគាត់យ៉ាងក៏គាត់មិនមាត់បានត្រឹមញញឹម ហើយប្រឹងចែវទូកទៅមុខធម្មតា រហូតដល់កណ្តាលទន្លេ គាត់ក៏បង្អន់ទូក ហើយស្រែកសួរ ក្រុមបណ្ឌិត ថា « មើលលោកបណ្ឌិត ខ្ញុំសុំសួរមួយសំនួរបានទេ ? » បណ្ឌិតក៏ឆ្លើញវិញ សួរមកសំនួរអ្វីក៏ខ្ញុំឆ្លើយបានដែរ ... អ្នកចែវទូកក៏សួរទៀតថា « លោកបណ្ឌិតចេះហែលទឹកឬអត់ ? » បណ្ឌិតក៏តបថា មនុស្សរស់នៅដីគោករៀនសូត្ររហូត មិនចេះហែលទឹកទេ ។ អ្នកចែវទូកក៏ ស្រែកប្រាប់វិញថា « រៀនដល់បណ្ឌិតចេះដឺងប៉ុណ្ណឹងដែរ តែភ្លើមិនព្រមរៀនហែលទឹក មេឃខ្មៅព្យុះមកហើយ បើលោកបណ្ឌិតមិនចេះហែលទឹកទេ ឱកាសជោគជ័យរបស់លោកស្មើ ០ » និយាយរួចអ្នកចែវទូកក៏លោតទឹកហែលទៅរកច្រាំង ឯបណ្ឌិត ក៏ត្រូវព្យុះបក់ទៅបាត់ ងាប់អស់ទៅ ។
ពាក្យខ្មែរយើងនិយាយថា « សេដ្ឋីនៅខ្វះអំបែង បណ្ឌិតនៅមានពេលល្ងង់ » មិនមែនគ្រប់បណ្ឌិត និយាយមកសុទ្ធតែត្រូវទេ បណ្ឌិតគ្រៀវជ្រូកខ្លះ និយាយចេញមក អន់ជាងអ្នកចែវទូកផង ។
បើយើងជំនាញសេដ្ឋកិច្ចវិភាគតែពីសេដ្ឋកិច្ចទៅ កុំវិភាគរឿងយុទ្ធសាស្ត្រទ័ព វ៉ៃលុក ឬដកថយ ជាការសម្រេចចិត្តរបស់ មេបញ្ជាការទិសខាងមុខសម្រេចចិត្តដោយយោងតាមសភាពការណ៍ជាក់ស្តែង កុំបានកាន់មេក្រូ ពុលទឹកមាត់ ។ កុំនិយាយថា « ចាំកើតបណ្ឌិតសិន ចាំរិះគន់បណ្ឌិត អត់ទេ ត្រឹមអ្នកចែវទូកក៏រិះគន់បានដែរ ... » ។


ដោយ៖ គង់ សិរីរ័ត្ន





