ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារអញ្ជើញចុះសួរសុខទុក្ខ មន្ត្រីកិច្ចសន្យាដែលទើបសម្រាលបុត្រ
AKP ព្រះវិហារ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ នាថ្ងៃសុក្រទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យាមន្ទីរព័ត៌មានខេត្តព្រះវិហារ ចុះសួរសុខទុក្ខ លោកស្រី រ៉ា វណ្ណៈ ដែលជាមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្ត ដែលលោកស្រីទើបតែសម្រាលបុត្រ និងកំពុងសម្រាកថែទាំសុខភាពនៅគេហដ្ឋាន ស្ថិតក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។


លោកស្រី ហែម សុគុណពិសី បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះសមាជិកថ្មីរបស់លោកស្រី រ៉ា វណ្ណៈព្រមទាំងបានសាកសួរសុខទុក្ខដោយក្តីនឹករលឹក និងជូនពរដល់មាតា និងទារក ឱ្យមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងមានការលូតលាស់ប្រកបដោយសុវត្ថិភាព។

ក្នុងឱកាសនោះ លោកស្រីប្រធានមន្ទីរបាននាំយកនូវសម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ទារក និងថវិកាមួយចំនួនជូនដល់លោកស្រី រ៉ា វណ្ណៈ ដើម្បីជួយសម្រួលបន្ទុកជីវភាពគ្រួសារមួយចំណែកផងដែរ៕


ដោយ ទិត ស្រ៊





