រដ្ឋបាលក្រុងសំរោងបើកកិច្ចប្រជុំសម្របសម្រួលបញ្ចប់វិវាទដីធ្លីនៅសង្កាត់បន្សាយរាក់
AKP ឧត្តរមានជ័យ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦-- លោកស្រី ហេង សុជាតិ អភិបាលរងនៃគណៈអភិបាលក្រុងសំរោង នារសៀលថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដឹកនាំកិច្ចប្រជុំសម្របសម្រួលដោះស្រាយវិវាទដីធ្លី (ករណីជាន់ក្បាលដី និងការរំលោភយកដីស្រែ) មួយករណី នៅភូមិកសិទេពពោធិវង្ស សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោកស្រី ហេង សុជាតិ លើកឡើងថា ការដោះស្រាយទំនាស់ដីធ្លីក្រៅប្រព័ន្ធតុលាការ តាមរយៈយន្តការសម្របសម្រួល និងផ្សះផ្សាដោយសន្តិវិធីនៅថ្នាក់មូលដ្ឋាន ជាកិច្ចការងាររដ្ឋបាលដ៏មានសារៈសំខាន់ ក្នុងការបញ្ចប់វិវាទ បង្កើតភាពសុខសាន្ត និងពង្រឹងសាមគ្គីភាពក្នុងសហគមន៍។


សូមបញ្ជាក់ថា ជាលទ្ធផល ក្រោមការដឹកនាំសម្របសម្រួលប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ និងផ្អែកលើទិដ្ឋភាពច្បាប់ លោកស្រីអភិបាលរងក្រុង និងមន្ត្រីជំនាញ បានឈានទៅរកដំណោះស្រាយបញ្ចប់វិវាទយ៉ាងរលូន ដោយភាគីទាំងសងខាងបានស្ម័គ្រចិត្តយល់ព្រមតាមលក្ខខណ្ឌ បញ្ចប់ការតវ៉ា ហើយយល់ព្រមទទួលយកតាមការកំណត់ព្រំដីនៃវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ដែលមានស្រាប់ស្របច្បាប់ ដោយឡែកចំពោះភាគីណាដែលបានកាន់កាប់ប្រើប្រាស់ដីលើសលោះខុសពីប្លង់រឹង ត្រូវធ្វើការប្រគល់ដីផ្នែកដែលលើសនោះទៅឱ្យភាគីម្ខាងវិញ ដើមី្បបញ្ចប់ទំនាស់ទាំងស្រុងចាប់ពីពេលនេះតទៅ៕


ដោយ ទិត ស្រ៊





