ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពី រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យ លោកស្រី Anne Zhao នាយិកាប្រតិបត្តិនៃក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទបញ្ញាសិប្បនិម្មិតពិភពលោក ឆ្នាំ២០២៦ នៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងឱកាសនៃជំនួប, លោកស្រីនាយិកាប្រតិបត្តិបានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន Legendary Entertainment and Culture Group Ltd., ជាវេទិកាសមាហរណកម្មទេសចរណ៍ និងកម្សាន្តឈានមុខគេមួយលើការអភិវឌ្ឍ, ការគ្រប់គ្រង និងការប្រតិបត្តិការទ្រព្យសកម្មវប្បធម៌កម្រិតខ្ពស់,ការសម្តែងទស្សនីយភាពផ្ទាល់ ព្រមទាំងការកម្សាន្តបែបទំនើប (Immersive Attraction) នៅទូទាំងតំបន់អាស៊ី។ បច្ចុប្បន្ន, ក្រុមហ៊ុនមានអាជីវកម្មស្នូលចំនួន ៣ រួមមាន៖ (១). ប្រតិបត្តិការសួនកម្សាន្ត និងការសម្តែងទស្សនីយភាពផ្ទាល់នៅទូទាំងតំបន់អាស៊ី ក្រោមក្របខ័ណ្ឌដៃគូសហការជាមួយក្រុមហ៊ុនសួនកម្សាន្តបារាំង Puy du Fou, (២). ប្រតិបត្តិការសារមន្ទីរលំដាប់ 3D បែបបច្ចេកវិទ្យាទំនើប (Tech-enabled immersive 3D museums), និង (៣). ការដំណើរការអាជីវកម្មផ្នែកម្ហូបអាហារ និងភេសជ្ជៈ និងសេវាកម្មបដិសណ្ឋារកិច្ច (F&B and Hospitality) ។ ទន្ទឹមនឹងនេះ, លោកស្រីនាយិកាក៏បានជម្រាបជូនសម្ដេចធិបតី អំពីវឌ្ឍនភាពនៃគម្រោង «Immersive Angkor» នៅក្នុងខេត្តសៀមរាប ដែលជាគម្រោងទាក់ទាញទេសចរដ៏លេចធ្លោ និងជាអត្តសញ្ញាណរបស់ក្រុមហ៊ុន (company’s flagship) នៅកម្ពុជា។ គម្រោងនេះនឹងត្រូវបង្កើតឡើងជាសារមន្ទីរ 3D បែបបច្ចេកវិទ្យាទំនើបដំបូងគេបង្អស់ នៅកម្ពុជា ដែលឆ្លុះបញ្ចាំងពីមរតកវប្បធម៌ខ្មែរ ហើយគ្រោងនឹងបើកដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ។ បន្ថែមលើនេះ, លោកស្រីនាយិកាប្រតិបត្តិក៏បានបង្ហាញអំពីផែនការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងការវិនិយោគលើគម្រោងថ្មីៗបន្ថែមទៀតនៅកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍, ការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជាទៅកាន់អន្តរជាតិ។
ជាការឆ្លើយតប, សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន ដែលបានសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងបានកោតសរសើរចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាការផ្សព្វផ្សាយអំពីវប្បធម៌ និងអរិយធម៌ដ៏សម្បូរបែបរបស់កម្ពុជា។ សម្តេចធិបតីបានគូសបញ្ជាក់ថា ជាមួយការដាក់ចេញនូវយន្តការផ្សព្វផ្សាយពីវប្បធម៌ និងអរិយធម៌កម្ពុជា ទៅកាន់ពិភពលោក, រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បង្កើតសកម្មភាពកម្សាន្តចម្រុះបន្ថែម ដូចជា ការទស្សនាតំបន់ប្រាង្គប្រាសាទ និង ការរៀបចំសកម្មភាពទេសចរណ៍នាពេលរាត្រី ជាដើម ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនឡើង។
ជាទីបញ្ចប់, សម្តេចធិបតីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តស្វែងរកកាលានុវត្តភាពក្នុងការវិនិយោគបន្ថែមទៀត ដោយបន្តផ្សារភ្ជាប់ទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធដើម្បីធានាបាននូវភាពរលូន និងជោគជ័យក្នុងការវិនិយោគនៅកម្ពុជា៕

ដោយ៖ គង់ សិរីរ័ត្ន





