មូលនិធិ SDF ជួបពិភាក្សាការងារជាមួយ ADB និង AFD ស្តីពីពង្រីកគម្រោង «ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត»
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦--មូលនិធិអភិវឌ្ន៍ជំនាញ SDF ជួបពិភាក្សាជាមួយ ADB និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ពីសមិទ្ធផល និងផែនការពង្រឹង-ពង្រីកគម្រោង «ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត»នៅទីស្នាក់ការមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ផ្អែកលើសមិទ្ធផលវិជ្ជមាននៃគម្រោង «ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត» ក្រុមការងារ SDF ដឹកនាំដោយ ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF បានជួបពិភាក្សាជាមួយ លោក ម៉ារ សុភា តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង លោកស្រី ឱក ម៉ាលីកា តំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)។ គោលបំណងនៃជំនួបនេះ គឺដើម្បីកំណត់ទិសដៅការងារបន្ត ព្រមទាំងពិនិត្យលើលទ្ធភាពគាំទ្រថវិកាបន្ថែម ក្នុងការបន្តអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។

ឯកឧត្តម គី សុខគីម នាយកប្រតិបត្តិ SDF នៃក្រសួង សេដ្ឋកិច្ច និហិរញ្ញ:វត្ថុ បានលើកឡើងថា គិតត្រឹមខែមិថុនា ឆ្នាំ២០២៦ សមិទ្ធផលសំខាន់ៗដែល SDF សម្រេចបានរួមមាន បញ្ចប់ក្របខណ្ឌជំនាញ (Skills Framework) សម្រាប់វិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ព្រមទាំងបានបណ្តុះបណ្តាលកម្មករ-និយោជិតសរុបចំនួន ១២ ៣៨០ នាក់។ ការគាំទ្រគម្រោងបណ្តុះបណ្តាលចំនួន ៤៦ គម្រោង ក្នុងវិស័យអាទិភាពផ្សេងទៀត ដែលផ្តល់អត្ថប្រយោជន៍ដល់សិក្ខាកាមចំនួន ៧ ៧៦៥ នាក់។ ពង្រឹងកិច្ចសហការយុទ្ធសាស្ត្រ ជាមួយសមាគមឧស្សាហកម្ម វិស័យឯកជន និងគ្រឹះស្ថានបណ្តុះបណ្តាល ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីអភិវឌ្ឍជំនាញ ឱ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការទីផ្សារជាក់ស្តែង។

មូលនិធិអភិវឌ្ន៍ជំនាញ SDF ប្ដេជ្ញាបន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយ ADB និង AFD ដើម្បីពង្រឹង និងពង្រីកវិសាលភាពនៃកម្មវិធីបណ្តុះបណ្តាលជំនាញលើវិស័យអាទិភាពរបស់ SDF សំដៅបង្កើនផលិតភាព គុណភាពផលិតផល និងភាពប្រកួតប្រជែងជាសកល ព្រមទាំងជួយកាត់បន្ថយអត្រាឈប់ពីការងារ និងការខ្វះខាតកម្លាំងពលកម្មនៅកម្ពុជា៕

ដោយ៖ ណយ នឿន (ប្រភព៖SDF)





