FFC ប្រកាសបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ត្រៀមជើងឯកអាស៊ាន HYUNDAI CUP 2026
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦--សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានចេញបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាប្រមូលផ្តុំហ្វឹកហាត់ (បោះជំរំហ្វឹកហាត់នៅជប៉ុន) ត្រៀមចូលរួមការប្រកួតពានរង្វាន់ជើងឯកអាស៊ាន-ASEAN CHAMPIONSHIP HYUNDAI CUP 2026 ដោយក្រុមជម្រើសជាតិកម្ពុជាស្ថិតក្នុងពូល A ដោយគ្រោងចាប់ផ្ដើមពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

បញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជាមានសរុប ២៤នាក់ ក្នុងនោះមកពីក្លឹបបឹងកេត ៣នាក់ ភ្នំពេញក្រោន ៣នាក់ ព្រះខ័នរាជស្វាយរៀង ២នាក់ វិសាខា ៣នាក់ ណាហ្គាវើលដ៍ ៤នាក់ អង្គរថាយហ្គឺរ ២នាក់ អាយអេសអាយដង្កោសែនជ័យ ២នាក់ អឹមអូអាយកំពង់ដេវ៉ា ៣នាក់ និងក្លឹបឡាយហ្វខេត្តព្រះសីហុ និងមកពី FFC ម្នាក់ៗដូចគ្នា។

លោក KOJI GYOTUKO គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់ការជ្រើសរើសកីឡាករត្រៀមការប្រកួត Hyundai Cup លើកនេះ លោកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រប់ក្លឹបទាំងអស់ ដែលបានបង្ហាញការយោគយល់ និងផ្តល់កិច្ចសហការក្នុងការអនុញ្ញាតឱ្យកីឡាករចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ទោះបីជាកម្មវិធីនេះធ្វើឡើងក្រៅពី FIFA International Match Window និងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការត្រៀមក្រុមសម្រាប់រដូវកាលថ្មីរបស់ក្លឹបក៏ដោយ។ គ្រូបង្គោលរូបនេះក៏គោរពចំពោះផែនការរៀបចំក្រុមរបស់ក្លឹបនីមួយៗ និងបន្ទាប់ពីការពិភាក្សារួមគ្នា មានកីឡាករមួយចំនួនដែលត្រូវបន្តបំពេញភារកិច្ចជាមួយក្លឹបរបស់ខ្លួន។ ចំពោះបញ្ជីកីឡាករដែលត្រូវបានជ្រើសរើសលើកនេះ រួមទាំងកីឡាករដែលទើបតែទទួលបានឱកាសជាប់ជាលើកដំបូង គឺជាក្រុមដែលយើងជឿជាក់ថាសមស្រប និងល្អបំផុតសម្រាប់ក្រុមជម្រើសជាតិកម្ពុជានៅពេលបច្ចុប្បន្ន។
លោក KOJI GYOTUKO បន្ថែមថា យើងនឹងរៀបចំការហ្វឹកហាត់ឱ្យបានល្អបំផុត ក្នុងអំឡុងជំរំហ្វឹកហាត់នៅប្រទេសជប៉ុន ជាមួយកីឡាករទាំងអស់ ដែលត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនឱ្យបានរួចរាល់ និងបង្ហាញសមត្ថភាពល្អបំផុតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួត Hyundai Cup។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដោយស្មោះអស់ពីចិត្តចំពោះសមាគមបាល់ទាត់ជប៉ុន (JFA) ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងធំធេងក្នុងការរៀបចំការបោះជំរំហ្វឹកហាត់នៅប្រទេសជប៉ុន សម្រាប់ការត្រៀមខ្លួនមុនការប្រកួត Hyundai Cup។

គួរបញ្ជាក់ថា ASEAN CHAMPIONSHIP HYUNDAI CUP 2026 មាន១០ក្រុមចូលរួម ចែកជា២ពូល ដោយពូល A និងពូល B មាន៥ក្រុមស្មើគ្នា ខណៈក្រុមកម្ពុជា ស្ថិតនៅក្នុងពូល A ជាមួយក្រុមវៀតណាម ឥណ្ឌូណេស៊ី សិង្ហបុរី និងទីម័រខាងកើត។ ចំពោះ៤ប្រកួតក្នុងពូល A របស់ក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតបើកឆាកជាមួយក្រុមសឹង្ហបុរី នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ នាថ្ងៃ២៤ ខែកក្កដា, ប្រកួតទី២ ក្រុមកម្ពុជាប៉ះក្រុមឥណ្ឌូណេស៊ី នៅកីឡដ្ឋាន Pakansari Stadium, Bogor នៃប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី២៧ ខែកក្កដា, ប្រកួតទី៣ ក្រុមកម្ពុជា ប៉ះ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៣ ខែសីហា ខណៈប្រកួតចុងក្រោយ កម្ពុជាប៉ះម្ចាស់ផ្ទះ វៀតណាម នៅកីឡដ្ឋាន Mỹ Đình National Stadium ទីក្រុងហាណូយ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦៕
ដោយ ហេង ណាលីន (រូបភាពឯកសារ៖ FFC)





