មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោ-ក្របី ជូនពលរដ្ឋនៅស្រុកម៉ាឡៃ ក្រោយចប់វេទិកាសាធារណៈ
AKPបន្ទាយមានជ័យថ្ងៃទី៨ខែកក្កដាឆ្នាំ២០២៦--មិនទុកឱ្យប្រជាពលរដ្ឋរង់ចាំយូរឡើយ ភ្លាមៗបន្ទាប់ពីបានទទួលសំណូមពរផ្ទាល់ពីបងប្អូនប្រជាកសិករក្នុងវេទិកា សាធារណៈ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានបើកយុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វពាហនៈនារដូវវស្សាភ្លាមៗ ដើម្បីធានាដល់សុខភាពសត្វ និងការពារសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋ។
លោកស្រី អន ស៊ីថា ប្រធានស្តីទីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ឱ្យដឹងថា ក្រោយពីបញ្ចប់កិច្ចប្រជុំថ្នាក់ស្រុក ដើម្បីពិនិត្យ និងដោះស្រាយសំណើ សំណូមពររបស់ប្រជាពលរដ្ឋ ក្នុងវេទិកាសាធារណៈនៅឃុំតាគង់ ស្រុកម៉ាឡៃ កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២៦ លោកស្រីបានចាត់តាំងកម្លាំងមន្ត្រីជំនាញចុះអនុវត្តការងារផ្ទាល់ដីជាបន្ទាន់។
ក្នុងកិច្ចប្រតិបត្តិការយ៉ាងរហ័សនេះ មន្ត្រីការិយាល័យផលិតកម្ម និងបសុ ព្យាបាល បានសហការជាមួយការិយា ល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកម៉ាឡៃ អាជ្ញាធរឃុំតាគង់ មន្ត្រីកសិកម្មឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ បានចុះទៅដល់ភូមិបល្ល័ង្គ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺសារទឹកគោជូនប្រជាពលរដ្ឋ។
ជាលទ្ធផលនៅក្នុងយុទ្ធនាការឆ្លើយតបបន្ទាន់នេះ ក្រុមការងារបច្ចេកទេសសម្រេចបានចាក់វ៉ាក់សាំង ការពារជំងឺសារទឹកដល់សត្វគោសរុបចំនួន ៣០៥ ក្បាល។

ទន្ទឹមនោះការអប់រំផ្សព្វផ្សាយក្រុមគ្រូពេទ្យសត្វបានធ្វើការណែនាំយ៉ាងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ អំពីរបៀបថែទាំសុខភាពសត្វពាហនៈឱ្យបានល្អប្រសើរ ពិសេសការតាមដានសុខភាពសត្វប្រចាំថ្ងៃ។
លោកស្រីប្រធានស្តីទីមន្ទីរកសិកម្ម ក៏បានសង្កត់ធ្ងន់ និងអំពាវនាវដល់បងប្អូនកសិករទាំងអស់ថា ប្រសិនបើពិនិត្យឃើញសត្វគោ-ក្របី មានរោគសញ្ញាមិនប្រក្រតី ឬមានបញ្ហាសុខភាពណាមួយ ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យក្រុមគ្រូពេទ្យសត្វអាចចុះជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលា ចៀសវាងការឆ្លងរាលដាលធ្ងន់ធ្ងរនោះ។

សកម្មភាពឆ្លើយតបយ៉ាងរហ័សប្រកបដោយប្រសិទ្ធភាពនេះ បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញកសិកម្មខេត្តបន្ទាយមានជ័យ ចំពោះសុខទុក្ខ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ការចុះចាក់វ៉ាក់សាំងការពារជំងឺសត្វនារដូវវស្សានេះ មិនត្រឹមតែជាវិធានការទប់ស្កាត់ជំងឺឆ្លងសត្វដ៏មានឥទ្ធិពលប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការការពារទ្រព្យសម្បត្តិ បង្កើនផលិតភាពផលិតកម្មសត្វ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករឱ្យកាន់តែមានជម្រើសរឹងមាំ និងមានចិរភាព៕
ដោយ ៖ឈុនសារ៉ាត





