ក្រុមនារីភ្នំពេញក្រោន ស្ថិតក្នុងពូល B AFC Women's Champions League 2026-27
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦--ក្រុមបាល់ទាត់នារីភ្នំពេញក្រោនរបស់កម្ពុជា ស្ថិតនៅក្នុងពូល B ជាមួយ៣ក្រុមផ្សេង គឺក្រុម TSL (ហុងកុង) ក្រុម Kaya-Iloilo (ហ្វីលីពីន) និងក្រុម Ilbirs របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន ជាម្ចាស់ផ្ទះ ប្រចាំពូល B នៃពានរង្វាន់បាល់ទាត់ក្លឹបជើងឯកនារីប្រចាំទ្វីបអាស៊ី (AFC Women's Champions League) រដូវកាល ២០២៦-២០២៧ ដោយត្រូវចាប់ផ្តើមប្រកួតជាផ្លូវការ អំឡុងពាក់កណ្តាលខែសីហា ឆ្នាំ២០២៦ តទៅ។

នេះបើយោងតាមលទ្ធផលនៃការចាប់ឆ្នោតចែកពូលរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការរបស់ខ្លួន ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ការប្រកួតជម្រុះបឋមនេះមានក្រុមនារីមកពីក្លឹបចំនួន ២៤ ចែកចេញជា ៦ពូល ដោយក្នុង១ពូលៗមាន៤ក្រុមស្មើៗគ្នា។

ចំពោះ៣ប្រកួតរបស់ក្រុមនារីភ្នំពេញក្រោន គឺប៉ះជាមួយក្រុម ក្រុម TSL (ហុងកុង) នាថ្ងៃទី១៧ ខែសីហា, បន្តប៉ះជាមួយក្រុម Kaya-Iloilo (ហ្វីលីពីន) នាថ្ងៃទី២០ ខែសីហា និងចុងក្រោយប៉ះក្រុមម្ចាស់ផ្ទះ Ilbirs របស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។ ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ដែលជាម្ចាស់ជើងឯកលីគនារីកម្ពុជា ឆ្នាំ២០២៥ គឺជាក្លឹបបាល់ទាត់នារីទីមួយ ដែលតំណាងក្លឹបពីកម្ពុជាចូលរួមលេងក្នុងពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Women’s Champions League 2026-27។ ខណៈការចូលរួមប្រកួតដ៏ធំកម្រិតទ្វីបអាស៊ីរបស់ភ្នំពេញក្រោនជាលើកដំបូង។
បច្ចុប្បន្ន កីឡាការិនី៧នាក់របស់ក្រុមនារីភ្នំពេញក្រោនកំពុងប្រមូលផ្តុំហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិនារីកម្ពុជា ត្រៀមប្រកួតពានរង្វាន់ ASEAN Women's Cup 2026 នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១០-២២ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ថា AFC Women’s Champions League 2026-27 គឺការប្រកួតត្រូវបានបែងចែកជា៣ដំណាក់កាល គឺវគ្គជម្រុះ Preliminary Stage ពីថ្ងៃទី១៧-២៣ ខែកក្កដា ២០២៦ វគ្គ Group stage ចាប់ផ្តើមពីថ្ងៃទី០១-០៧ ខែវិច្ឆិកា ២០២៦ និងវគ្គ Knockout stage ពីវគ្គ Quarter-Finals ធ្វើឡើងពីថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០២៧ ស្របពេលដែលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នាថ្ងៃទី១៩ ខែមិថុនា ២០២៧ និងផ្តាច់ព្រ័ត្រ ធ្វើឡើងនាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៧៕

ដោយ ហេង ណាលីន (រូបភាព៖ ភ្នំពេញក្រោន-FFC)





