សម្ដេចតេជោ ហ៊ុន សែន៖ ទោះបីជាពិភពលោកមានការប្រែប្រួលអាកាសធាតុ តែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៧--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ទោះបីជាពិភពលោកមានការប្រែប្រួលអាកាសធាតុ តែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បន្ទាប់ពីជំនួបពិភាក្សាការងារជាមួយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយឯកឧត្តម ZHAO Leji ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ នៅមហាវិមានប្រជាជនចិន រដ្ឋធានីប៉េកាំង ក្នុងខណៈដែលសម្ដេចតេជោដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។

ក្នុងជំនួបនោះ ឯកឧត្តម ZHAO Leji បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចនៅក្នុងប្រទេសចិននាពេលនេះ។ ឯកឧត្តមបានហៅទំនាក់ទំនងកម្ពុជា និងចិនថា ជាទំនាក់ទំនងមិត្តចាស់ មិត្តដែកថែប ដែលតែងតែជួយយកអាសាគ្នាទៅវិញទៅមក។ ឯកឧត្តម ក៏បានរម្លឹកអំពីដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ស៊ី ជីនពីង មកកាន់ប្រទេសកម្ពុជាកាលពីឆ្នាំទៅ គឺបានបង្ហាញនូវការពង្រឹងមិត្តភាពជាប្រពៃណី រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ជាពិសេសគឺការជំរុញការអនុវត្ត ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។
ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានអរគុណ ឯកឧត្តម ZHAO Leji ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេច និងគណៈប្រតិភូកម្ពុជា។ សម្ដេចតេជោបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន នៅតែរឹងមាំ សម្ដេច សង្កត់ធ្ងន់ថា ទោះបីជាពិភពលោកមានការប្រែប្រួល អាកាសធាតុមានការប្រែប្រួលតែមិត្តភាព កម្ពុជា-ចិន មិនប្រែប្រួលឡើយ។ សម្ដេចតេជោក៏បានលើកឡើងអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ទាំងនៅក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្រតិបត្តិ ស្ថាប័នបក្ស និងស្ថាប័ននីតិបញ្ញត្តិ ដោយសម្ដេចបានបញ្ជាក់ថា សម្ដេច ចង់ឃើញស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរដើរតួនាទីកាន់តែសកម្មបន្ថែមទៀត នៅក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដើម្បីគាំទ្រដល់ស្ថាប័ននីតិប្រតិបត្តិ និងគណបក្សរវាងប្រទេសទាំងពីរដែរ។

ជាមួយគ្នានេះ ឯកឧត្តម ZHAO Leji បានសម្ដែងការពេញចិត្តចំពោះការលើកឡើងរបស់សម្ដេចតេជោ ហើយ ឯកឧត្តម បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន គឺជាការទាក់ទងទំនាក់ទំនងដោយការជឿជាក់គ្នា ដែលមិនអាចមានអ្នកណាមកបំបែកនូវមិត្តភាពនេះបានឡើយ។ ឯកឧត្តមក៏បានលើកឡើងអំពីការជំរុញនូវកិច្ចសហប្រតិបត្តិការក្នុងស្ថាប័ននីតិបញ្ញត្តិ រវាងប្រទេសទាំងពីរ។
ឯកឧត្តម ចង់ឃើញប្រទេសទាំងពីរ ពោលគឺស្ថាប័ននីតិបញ្ញត្តិរវាងកម្ពុជា និងចិន មានទំនាក់ទំនងគ្នាកាន់តែស្អិតរមួតបន្ថែមទៀត ក្នុងគោលដៅដើម្បីចូលរួមចំណែកក្នុងការជួយជ្រោមជ្រែងដោយការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
ដោយ៖ ជឹម ណារី





