មន្ត្រីកីឡាកម្ពុជាទទួលបានចំណេះដឹងការគ្រប់គ្រងវិស័យកីឡាប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍ នៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--មន្ត្រីកីឡាកម្ពុជា ជាអនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីសហព័ន្ធកីឡាជាតិ សរុប៧រូបកំពុងទទួលបានចំណេះដឹងជាបន្តបន្ទាប់ នៅក្នុងវគ្គសិក្ខាសាលាស្តីពីការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍ ដែលកំពុងដំណើរការចាប់តាំងពីថ្ងៃទី១៤-២៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ពីទីក្រុងប៉េកាំង ប្រទេសចិន តាមរយៈសារអេឡិចត្រូនិក នៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះថា សិក្ខាសាលាស្តីពីការគ្រប់គ្រងវិស័យកីឡា ប្រកួតប្រជែងសម្រាប់ប្រទេសកំពុងអភិវឌ្ឈន៍ រយៈពេល២សប្តាហ៍នេះ ផ្តោតសំខាន់លើគោលបំណងលើការរៀបចំលើកកម្ពស់ និងរក្សាកម្មវិធីកីឡា ហេដ្ឋារចនាសម្ព័ន្ធ ទោះបីជាធនធានហិរញ្ញវត្ថុនៅមានកម្រិតក៏ដោយ។

លោកស្រី ហង់ ស៊ីមន បន្ថែមថា ការចូលរួមរបស់មន្ត្រីកីឡាកម្ពុជា ក្នុងវគ្គនៅប្រទេសចិន នាពេលនេះ ដោយមានកិច្ចសហប្រតិបត្តិការរវាងក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ គណ:ប្រតិភូកម្ពុជាដឹកនាំដោយលោក ផាត់ បញ្ញាសុជាតក៍ លោកស្រី ហង់ ស៊ីមន អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោកស្រី ចៅ សុគន្ធី អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន ព្រមទាំងមន្រ្តីសហព័ន្ធកីឡាជាតិ។ តាមរយៈវគ្គនេះ ជាការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពអាចធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពកីឡា ក្នុងការបង្កើតឱកាសសេដ្ឋកិច្ចលើកកម្ពស់សុខភាព និងពង្រឹងអត្តសញ្ញាណជាតិរបស់ខ្លួន។

ក្នុងដំណើរបេសកកម្មចូលរួមវគ្គសិក្ខាសាលាដ៏មានសារៈសំខាន់ ២សប្តាហ៍នេះ គណៈប្រតិភូកីឡាកម្ពុជាក៏ត្រូវបានម្ចាស់ផ្ទះរៀបចំរៀបចំដំណើរទស្សនកិច្ចឈ្វេងយល់អំពីការហ្វឹកហាត់របស់កីឡាករ កីឡាការិនីចិន នៅទីលានហ្វឹកហាត់នានា សារៈមន្ទីរអូឡាំពិកយុវជន Nanjing (Youth Olympic Museum), Sport Training Centre of Jiangsu province និងនៅNanjing Sports Institute ផងដែរ៕

ដោយ ហេង ណាលីន (រូបភាព៖ មន្ត្រីកីឡាកម្ពុជា)





