មន្ត្រីជំនាញព្រមានពីហានិភ័យជំងឺសត្វក្នុងរដូវវស្សា ជម្រុញពលរដ្ឋឲ្យសហការចាក់វ៉ាក់សាំង និងតាមដានសុខភាពគោក្របីជាប្រចាំ
AKPបន្ទាយមានជ័យថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២៦--ដើម្បីការពារទ្រព្យសម្បត្តិ និងជីវភាពរបស់ប្រជាកសិករពីការគំរាមកំហែងនៃជំងឺឆ្លងសត្វក្នុងរដូវវស្សា យុទ្ធនាការចុះចាក់វ៉ាក់សាំងការពារជំងឺគោក្របីកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម។

ក្នុងឱកាសដឹកនាំក្រុមការងារចុះបេសក កម្មផ្ទាល់ លោក អ៉ីវ វណ្ណា អនុប្រធានការិយាល័យពេទ្យសត្វខេត្តបន្ទាយមាន ជ័យ បានផ្តល់ការណែនាំយ៉ាងម៉ឺងម៉ាត់ និងចែករំលែកបច្ចេកទេសសំខាន់ៗដល់ប្រជាពលរដ្ឋម្ចាស់សត្វ ដើម្បីទប់ស្កាត់អត្រាសត្វឈឺ និងងាប់ឱ្យនៅកម្រិតទាបបំផុត។
នៅក្នុងយុទ្ធនាការនេះ លោក អ៉ីវ វណ្ណា បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋម្ចាស់គោក្របីទាំងអស់ មិនត្រូវមានការធ្វេសប្រហែសចំពោះសុខភាពសត្វចិញ្ចឹ មរបស់ខ្លួនឡើយ ជាពិសេសនៅក្នុងរដូវវស្សាដែលជាអំណោយផលដល់ការរីករាលដាលនៃមេរោគ។
លោកបានសង្កត់ធ្ងន់លើចំណុចគន្លឹះ រួមមាន៖ការយកចិត្តទុកដាក់ខ្ពស់ ត្រូវតាមដាន និងមើលថែទាំសត្វគោក្របីឲ្យបានដិតដល់ ទាំងការផ្តល់ចំណីអាហារ កន្លែងរស់នៅស្អាត និងមានផាសុកភាព។ការរាយការណ៍ទាន់ពេលវេលា ក្នុងករណីសង្កេតឃើញសត្វមានរោគសញ្ញាមិនប្រក្រតី ឬមានបញ្ហាសុខភាព ត្រូវប្រញាប់រាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីអន្តរាគមន៍សង្គ្រោះអាយុជីវិតសត្វបានទាន់ពេលវេលា។
ការអនុវត្តបច្ចេកទេស ក្រុមការងារក៏បានពន្យល់ណែនាំបន្ថែមអំពីបច្ចេកទេសនៃការចិញ្ចឹម និងការថែទាំបែបទំនើប ដើម្បីបង្កើនភាពស៊ាំ និងសុខភាពសត្វឲ្យកាន់តែរឹងមាំ។

«ការចូលរួមសហការពីបងប្អូនប្រជាពលរ ដ្ឋ ក្នុងការនាំសត្វមកចាក់វ៉ាក់សាំង និងការរាយការណ៍រហ័ស គឺជាសោទ្វារគន្លឹះក្នុងការទប់ស្កាត់ការផ្ទុះឡើងនៃជំងឺឆ្លងផ្សេងៗ»។
ជាក់ស្តែង កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៦ នេះ លោក អ៉ីវ វណ្ណា អនុ ប្រធានការិយាល័យពេទ្យសត្វខេត្ត បានដឹកនាំក្រុមអន្តរាគមន៍ សហការយ៉ាងជិតស្និទ្ធជាមួយ. ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រះនេត្រព្រះ អាជ្ញាធរឃុំបុស្បូវ
មន្រ្តីកសិកម្មឃុំចំនួន ៣ នាក់ ភ្នាក់ងារសុខភាពសត្វភូមិក្រុមការងារចម្រុះបានចុះយុទ្ធនាការយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺសារទឹក និងជំងឺអុតក្តាម ជូនដល់គោក្របីរបស់ប្រជាពលរដ្ឋដោយជោគជ័យនៅក្នុងភូមិចំនួន៣ រួមមានភូមិកណ្តាល, ភូមិត្របែក និងភូមិគោកធំ។

ជាលទ្ធផលនៅក្នុងភូមិទាំងបីខាងលើ ក្រុមការងារសម្រេចចាក់វ៉ាក់សាំងការពារបានសរុបចំនួន ១៨៧ ក្បាល។ នេះមិនមែនជាចំណុចបញ្ចប់នោះទេ ក្រុមមន្ត្រីជំនាញ និងភ្នាក់ងារសុខភាពសត្វភូមិ នៅតែបន្តបេសកកម្មយ៉ាងសកម្ម ដោយចុះចាក់វ៉ាក់សាំងការពារនេះជាបន្តបន្ទាប់ទៀតរហូតគ្របដណ្តប់ពេញផ្ទៃឃុំបុស្បូវនិងបណ្តាឃុំក្នុងស្រុកព្រះនេត្រព្រះទាំងមូល ដើម្បីធានាបាននូវ របាំងការពារសហគមន៍ ដ៏រឹងមាំសម្រាប់សត្វចិញ្ចឹមរបស់ប្រជាកសិករ៕
ដោយ៖ ឈុនសារ៉ាត





