ឯកឧត្តម ទេសរដ្ឋមន្ត្រីគន់ គីម ចុះពិនិត្យផ្ទាល់ពីជីវភាព និងវឌ្ឍនភាពហេដ្ឋារច នាសម្ព័ន្ធនៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២៦--ការយកចិត្តទុកដាក់លើសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតែជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាក់ស្តែង នារសៀលថ្ងៃទី២២ ខែមិថុ នា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធា នទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា បានបន្តដឹកនាំក្រុមការងារចុះបំពេញបេសកកម្មយ៉ាងសកម្ម ដើម្បីពិនិត្យមើលការអភិវឌ្ឍ និងសាកសួរសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់ ដល់ខ្នងផ្ទះស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
បេសកកម្មស្របពេលដែលតំបន់នេះកំពុងប្រែក្លាយមុខមាត់ថ្មីនេះ មានការអមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
នៅក្នុងឱកាសចុះជួបពលរដ្ឋនោះ ឯកឧ ត្តមកិត្តិសង្គហបណ្ឌិត គន់ គីម មិនត្រឹមតែសាកសួរសុខទុក្ខជាទូទៅនោះទេ ប៉ុន្តែលោកបានដើរចូលទៅដល់តាមខ្នងផ្ទះនីមួយៗរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដើម្បីស្វែងយល់ពីតម្រូវការ និងស្ថានភាពរស់នៅពិតប្រាកដ។
ឯកឧត្តមបានពិនិត្យមើលយ៉ាងលម្អិតលើវឌ្ឍនភាពនៃការសាងសង់ការបន្តសាងសង់ផ្ទះសម្បែងជូនពលរដ្ឋ ឲ្យបានគ្រប់ចំនួនជាង៣០០០គ្រួសារដែលកំពុងរស់នៅក្នុងភូមិរង់ចាំនិងការសាង សង់អគារផ្សារបណ្តោះអាសន្ន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្មក្នុងមូលដ្ឋាន។

ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការពិនិត្យមើលលទ្ធភាពទទួលបានទឹកស្អាតប្រើប្រាស់ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ។
សន្តិសុខស្បៀងកម្រិតគ្រួសារ ពិនិត្យមើលការដាំដុះដំណាំរួមផ្សំជុំវិញផ្ទះ ដែលជាប្រភពចំណូល និងស្បៀងបន្ថែមសម្រាប់គ្រួសារនីមួយៗ។
«ការចុះមកផ្ទាល់នេះ គឺដើម្បីធានាថា បងប្អូនមានជម្រកសមរម្យ មានទឹកស្អាតប្រើប្រាស់ និងមានលទ្ធភាពបង្កើតមុខរបរ បង្កបង្កើនផល ដើម្បីកសាងជីវភាពថ្មីមួយដ៏រឹងមាំ» នេះជាការគូសបញ្ជាក់របស់ក្រុមការងារក្នុងឱកាសនោះ។
នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលពោរពេញដោយស្នាមញញឹម ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខយ៉ាងជ្រាលជ្រៅ និងការគិតគូរជាប្រចាំពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្តេចនាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត និងមិនដែលបោះបង់ចោលបងប្អូនពលរដ្ឋភៀសសឹកណាម្នាក់ឡើយ។ រាល់សុខទុក្ខ ទុក្ខលំបាក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ គឺស្ថិតនៅក្នុងក្រសែភ្នែក និងការគិតគូររបស់ប្រមុខដឹកនាំជានិច្ច ដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានបំភ្លេចចោលនោះទេ។
តាមរយៈសកម្មភាពដ៏រស់រវើក និងការយកចិត្តទុកដាក់យ៉ាងដិតដល់ពីសំណាក់ថ្នាក់ដឹកនាំនាពេលនេះ បានធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងភូមិរង់ចាំ ឃុំស្លក្រាម បង្ហាញនូវក្តីរំភើបរីករាយ និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះអនាគតនៃការរស់នៅរបស់ពួកគេនៅលើទឹកដីមាតុភូមិដ៏សុខសាន្តមួយនេះ៕
ដោយ ៖ឈុនសារ៉ាត





