អភិបាលខេត្តតាកែវ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ កុំពាក់ព័ន្ធនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន
AKPតាកែវ ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៦--ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល ខេត្តតាកែវ បានដឹកនាំបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀន លើថ្នាក់ដឹ កនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ប្រមាណជិត២០០នាក់ ចំណុះរដ្ឋបាលខេត្តតាកែវ។
ពិធីនេះបានរៀបចំឡើងនៅក្នុងបរិវេណសាលាខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២២ខែមិថុនាឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងពិធីនោះ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ការធ្វើតេស្តរកសារធាតុញៀននាពេលនេះ គឺជាការអនុវត្តស្របតាម បទបញ្ជាលេខ០១ប.ប ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមបណ្តាក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត ឯកឧត្តម បានដាក់បទបញ្ជាទៅកាន់ លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងលោកអភិបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់បំផុតចំពោះមន្រ្តីរាជការក្រោមឱវាទ ដោយគ្មានការយោគយល់ ឬលើកលែងណាមួយឡើយ។ប្រសិនបើរកឃើញថាមន្ត្រីរូបណាមានសារធាតុញៀនក្នុងខ្លួន នឹងត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលភ្លាមៗតែម្តង។
ឯកឧត្តម អភិបាលខេត្ត ក៏បានដាស់ តឿនក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ សូមកុំពាក់ព័ន្ធនិងជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនវាបំផ្លាញទាំងអនាគតខ្លួនឯង គ្រួសារ និងធ្វើឱ្យសង្គមជាតិស្អប់ខ្ពើម។

ជាលទ្ធផលគួរឱ្យមោទនៈ ក្រោយពីបានធ្វើការពិនិត្យ និងតេស្តទឹកនោមយ៉ាងយកចិត្តទុកដាក់ លើថ្នាក់ដឹកនាំ មន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា សាលា ខេត្តតាកែវជិត200នាក់រួចមក ជាលទ្ធផលគឺ "អវិជ្ជមាន" ពោលគឺមិនមានរកឃើញមន្រ្តីណាម្នាក់មានសារធាតុញៀននៅក្នុងខ្លួននោះឡើយ៕
ដោយ៖ អ៊ុច សៀង





