គ្រួសារកម្មការិនីរោងចក្រ២នាក់ដែលបានបាត់បង់ជីវិត ដោយសាររន្ទះបាញ់នៅខេត្តតាកែវនោះ ទទួលបានជំនួយឧបត្ថម្ភពីសម្តេចកត្តិព្រឹទ្ធបណ្ឌិត
AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦--បន្ទាប់ពីបានទទួលដំណឹងថាកម្មការិនីរោងចក្រ២នាក់ជាបងប្អូនស្រីៗបង្កើតបានស្លាប់ដោយសារឧបទ្ទវហេតុគ្រោះរន្ទះបាញ់ កាលពីវេលាម៉ោង ៥និង០៥ នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ខណៈពេលជនរងគ្រោះចេញដំណើរពីធ្វើការនៅរោងចក្រមកដល់កន្លែងកើតហេតុម៉ូតូខូច និងមានភ្លៀងផ្គរទើបបណ្តាលឱ្យមានរន្ទះបាញ់កើតឡើង។

នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន ចាត់ឯកឧត្តម ឃុន សាម៉េង នាយក នាយកដ្ឋានធនធានមនុស្ស និងក្រុមការងារចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ដល់លំនៅដ្ឋាន នៅភូមិខ្លោងទ្វារ និង ភូមិត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង ២នាក់គឺជាបងប្អូនស្រីបង្កើត ដែលបានបាត់បង់ជីវិត មាន៖
· ជនរងគ្រោះទី១ ឈ្មោះ អួន ស៊ីណាត ភេទ ស្រី អាយុ ៤២ ឆ្នាំ មុខរបរ កម្មកររោងចក្រ ហុងសេន (ត្រូវជាបងស្រីបង្កើត) មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងខ្នុរ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។·
ជនរងគ្រោះទី២ ឈ្មោះ អួន ម៉ៅ ភេទ ស្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មកររោងចក្រ ហុងសេន មានទីលំនៅបច្ចុប្បន្ន ភូមិខ្លោងទ្វារ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។
ឯកឧត្តម ឃុន សាម៉េង បានមានប្រសាសន៍ថា ៖ ការមកចូលរួមបុណ្យសពនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានដំណឹងដ៏តក់ស្លុត និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកបច្ច័យ និងគ្រឿងឧបភោគបរិភោគមួយចំនួន និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងជីវភាពគ្រួសារសព, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលចប្ច័យបុណ្យសព ដោយសពនីមួយៗនូវគ្រឿងឧបភោគបរិភោគ និងថវិកា ៤លានរៀល៕
ដោយ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





