រដ្ឋបាលខេត្តកំពង់ធំ រៀបចំពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ "TVET ផ្តល់ជំនាញការងារនិងប្រាក់ចំណូល"
AKP កំពង់ធំ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម តេ យក់ស៊ូ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ " TVET ផ្តល់ជំនាញការងារនិងប្រាក់ចំណូល " នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយមានអញ្ជើញចូលរួមពី លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាលរងក្រុង-ស្រុក និងប្រជាពលរដ្ឋ ព្រមទាំងសិស្សនិស្សិតប្រមាណជាង ១០០០នាក់។

លោក ឯក ហៀង នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ធំ បានធ្វើរបាយការណ៍ស្តីពីរផែនការបណ្តុះបណ្តាលសម្រាប់ឆ្នាំ២០២៦ ដល់យុវជនមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យនិងបងប្អូនអតីតពលករត្រលប់មកពីប្រទេសថៃសរុប៣០០០នាក់ ដែលក្នុងនោះរយៈពេល៦ខែ ដើមឆ្នាំ២០២៦នេះ វិទ្យាស្ថានបាន និងកំពុងបណ្តុះបណ្តាលយុវជនដែលមកពីគ្រួសារក្រីក្រនិងងាយរងហានិភ័យសរុប៤០០នាក់ (ស្រី ២៤៤នាក់) ដូចនេះវិទ្យាស្ថានត្រូវត្រៀមបណ្តុះបណ្តាលសិស្សដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងបងប្អូនអតីតពលករត្រលប់មកពីប្រទេសថៃសរុបចំនួន២៦០០នាក់ទៀតទើបគ្រប់តាមផែនការ។

លោក ហាន កុសល បានមានប្រសាសន៍ថា ការប្រារព្ធទិវាជាតិនេះឡើង ក្រោមប្រធានបទ"TVET ផ្តល់ជំនាញការងារនិងប្រាក់ចំណូល" ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ស្របពេលដែលកម្ពុជាកំពុងពន្លឿនការអភិវឌ្ឍមូលធនមនុស្ស ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថលនិងឧស្សាហកម្ម។ ដើម្បីផ្តល់លទ្ធភាពទទួលបានការបណ្តុះបណ្តាលប្រកបដោយសមធម៌ រាជរដ្ឋាភិបាលបានពង្រីកការផ្តល់អាហារូបករណ៍កាន់តែច្រើនឡើងសម្រាប់បណ្តុះបណ្តាលសិស្ស ដែលជាយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យបងប្អូនអតីតពលករត្រលប់មកពីប្រទេសថៃ ឱ្យទទួលបាននូវជំនាញមួយដ៏ពិតប្រាកដ៏និងលើកស្ទួយសេដ្ឋកិច្ចជាតិបានយ៉ាងច្រើន។

លោកអភិបាលរងខេត្តបានបន្តថា ការផ្តល់ជំនាញការងារនិងប្រាក់ចំណូល បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីខ្សែច្រវាក់តម្លៃនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស ជាការបំពាក់បំប៉នចំណេះដឹង និងចំណេះធ្វើពិតប្រាកដ ដែលអាចយកទៅអនុវត្តន៍បានភ្លាមៗ ឆ្លើយតបចំគោលដៅនៃតម្រូវការក្រុមហ៊ុន រោងចក្រនិងសហគ្រាស ហើយសិស្សនិស្សិតឬសិក្ខាកាមដែលបញ្ចប់ការសិក្សាមានភាពងាយស្រួលក្នុងការស្វែងរកការងារធ្វើ ដោយសារជំនាញបច្ចេកទេសកំពុងមានតម្រូវការខ្ពស់។ នៅពេលមានការងារច្បាស់លាស់ យុវជន និងមានប្រាក់ចំណូលសមរម្យ និងស្ថិរភាព ដែលជួយលើកកម្ពស់ជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ និងជួយជំរុញសេដ្ឋកិច្ចជាតិ។

លោក ហាន កុសល អភិបាលរងខេត្តកំពង់ធំ បានសំណូមពរ ដល់យុវជន មាតាបិតា និងជំរុញបន្ថែមដល់អាជ្ញាធរឃុំ-សង្កាត់ មេត្តាជួយផ្សព្វផ្សាយ និងជ្រើសរើសយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ និងបងប្អូនពលករត្រលប់មកពីប្រទេសថៃឱ្យមកចុះឈ្មោះចូលរៀន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ហើយត្រូវផ្លាស់ប្តូរផ្នត់គំនិតងាកមកចាប់អារម្មណ៍ និងផ្តល់តម្លៃខ្ពស់លើការរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈដែលជា "ឆ្នាំងបាយមាស"មិនចេះរីងស្ងួត៕

ដោយ ស៊ុម វណ្ណា





