គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ជនសង្ស័យចំនួន ៤០នាក់ និងវត្ថុតាងមួយចំនួន
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ ២០២៦ -- កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយ លោក មីន កុម្ភៈ អភិបាលរងខេត្តព្រះសីហនុ កាលពីថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះដោយមានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងទីតាំងឃ្លាំងមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ។

នៅក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ សម្រេចដកហូតវត្ថុតាងរួមមាន កុំព្យូទ័រលើតុចំនួន ២៦គ្រឿង កុំព្យូទ័រយួរដៃចំនួន ៣២គ្រឿង ទូរសព្ទដៃចំនួន ១២១គ្រឿង ព្រមទាំងសម្ភារភស្តុតាងពាក់ព័ន្ធមួយចំនួនទៀត។
ក្នុងប្រតិបត្តិការចុះបង្រ្កាបនេះ កម្លាំងចម្រុះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ (ស្រី ០៥នាក់) ក្នុងនោះជនជាតិចិនមានចំនួន ៣៦នាក់ (ស្រី ០១នាក់) និងជនជាតិខ្មែរ ០៤នាក់ (ស្រី ០៤នាក់)។

បច្ចុប្បន្នជនសង្ស័យទាំង ៤០នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការទៅមផ្លូវច្បាប់។

សូមរម្លឹកថា កម្លាំងគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងព្រះសីហនុ និងគណៈបញ្ជាការរដ្ឋបាលក្រុងកំពង់សោម កំពុងធ្វើការស្រាវជ្រាវ និងធ្វើរដ្ឋបាលចំហនៅតាមទីតាំងដែលមានការសង្ស័យ រកឃើញវត្ថុតាំង និងជនសង្ស័យដែលកំពុងប្រព្រឹត្តបទល្មើសករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបន្តបន្ទាប់ ហើយសកម្មភាពនេះ គឺបង្ក្រាបឱ្យអស់ករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងខេត្តព្រះសីហនុ៕

ដោយ៖ ងូ សុមុនី





