សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅតាមព្រំដែនត្រូវចាត់វិធានចំពោះអ្នកនាំទំនិញពីប្រទេសថៃ ចូលមកដោយខុសច្បាប់
AKP បន្ទាយមានជ័យ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ -- សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចនៅតាមព្រំដែនត្រូវចាត់វិធានចំពោះអ្នកនាំទំនិញពីប្រទេសថៃ ចូលមកដោយខុសច្បាប់ ដោយត្រូវរឹបអូសទ្រព្យសម្បត្តិ និងឱ្យទៅរែកដីធ្វើលេណដ្ឋាន ហើយសម្តេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋឱ្យជំរុញបង្កើនផលិតក្នុងស្រុក ក្នុងវេលានៃការបិទព្រំដែនជាមួយថៃ ដែលជាឱកាសសម្រាប់ពង្រឹងសេដ្ឋកិច្ចរបស់ជាតិនោះ។ ការណែនាំរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបែបនេះ ក្នុងខណៈអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទីនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការសោកស្ដាយចំពោះកំហុសរបស់សម្ដេចកាលពីនៅក្នុងតំណែងជានាយករដ្ឋមន្ដ្រី ដោយមិនបានផ្ដោតខ្លាំងក្នុងការពង្រឹងវិស័យការពារជាតិ ព្រោះចង់សន្សំថវិកាសម្រាប់ការអភិវឌ្ឍប្រទេសដែលធ្លាប់រង់នូវការខ្ទេចខ្ទាំដោយសារសង្គ្រាមកាលពីអតីតកាល។ សម្ដេចតេជោបានអះអាងថា ការកាត់បន្ថយមិនពង្រឹងវិស័យការពារជាតិ មិនមែនជាកំហុសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ននោះឡើយ។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹករឿងអតីតកាលដែលកើតចេញពីការធ្វេសប្រហែសរបស់សម្ដេច ព្រោះតែការជឿទុកចិត្តខុសលើប្រទេសថៃ និងមិនបានត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធនោះឡើយ ដោយផ្អែកតាមប្រវត្តិសាស្ដ្រដែលធ្លាប់កើតមានកាលពីជំនាន់ជម្លោះប្រសាទព្រះវិហារ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣។ សម្តេចតេជោបានគូសបញ្ជាក់ទៀតថា ក្រោយពេលបញ្ចប់សង្គ្រាមផ្ទៃក្នុងរបស់កម្ពុជានៅឆ្នាំ១៩៩៨ សម្តេចបានដាក់ចេញគោលដៅពីរ គឺការអភិវឌ្ឍតាមតំបន់ដែលជាអតីតសមរភូមិសង្គ្រាម ហើយមួយទៀត គឺការកសាងសន្តិភាពតាមព្រំដែន និងជាព្រំដែនពាណិជ្ជកម្ម។
សម្តេចតេជោបានថ្លែងសង្កត់ធ្ងន់ថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ ប៉ុន្តែការទាមទារនេះគឺមានផ្លូវពីរតែប៉ុណ្ណោះ គឺទី១ គឺប្រើប្រាស់កម្លាំងយោធា និងទី២ គឺចរចាដោយសន្តិវិធី។ សម្តេចតេជោប្រមុខរដ្ឋស្ដីទីបានបន្តថា កម្ពុជាពុំមែនមានន័យថា គ្មានសមត្ថភាពវាយដណ្តើម យកដីមកវិញនោះទេ ប៉ុន្តែបើយើងវាយមុន ដើម្បីដណ្តើមយកមកវិញនោះ គឺគេនឹងចោទកម្ពុជាបំពាននឹងកិច្ចព្រមព្រៀងបទឈប់បាញ់។ ដូច្នេះ កម្ពុជាត្រូវតែអត់ធ្មត់ ដើម្បីចរចាដោយសន្តិវិធី។ សម្ដេចតេជោបានបន្ថែមថា ប្រសិនបើយើងជ្រើសយកផ្លូវយោធាវាយយកទឹកដីខ្មែរ ដែលថៃ បានឈ្លានពានយកទៅកាន់កាប់នោះ វានឹងរុញច្រានការប្រយុទ្ធឱ្យទៅកាន់តែឆ្ងាយ។
ជាមួយគ្នានេះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានលើកឡើងថា បើវាយយកមកបានហើយ ក៏មិនអាចឈរជើងបានដែរ គឺវានឹងត្រូវវាយទៅវាយមក ដូចហ្គាហ្សា និងអ៊ីស្រាអែល និងប្រទេសខ្លះទៀត ដែលនឹងក្លាយជាជម្លោះតពូជ ពង្ស ជំនាន់ ជាក់ជាមិនខាន៕
ដោយ៖ ជឹម ណារី





