ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយនាយកមជ្ឈមណ្ឌល ATC
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានជួបសម្តែងការគួរសមជាមួយលោក Jan Lambrechts នាយកមជ្ឈមណ្ឌល AUPP Technology Center (ATC) ដើម្បីពិនិត្យអំពីវឌ្ឍនភាព និងលទ្ធផលការងារ ក្រោមកម្មវិធី ACTSmart ដែលត្រូវបានចូលរួមរៀបចំដោយក្រុមហ៊ុន Smart Axiata និងមជ្ឈមណ្ឌល ATC នៅប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

នៅក្នុងកិច្ចប្រជុំនេះ លោក Jan Lambrechts និងតំណាងក្រុមហ៊ុន Smart Axiata បាននាំយកស្ថាបនិកធុរកិច្ចថ្មីឌីជីថលជាជនជាតិខ្មែរដែលមានសក្ដានុពលខ្ពស់ និងបានចូលរួមនៅក្នុងកម្មវិធីបណ្ដុះបណ្ដាលធុរកិច្ចថ្មីឌីជីថល ACTSmart ចំនួន ១០ រួមមាន Inkable, ScreenWise, WeSync, TosTrip, ByteLab, Takkatot, OneDash, Smean, QlinicOS និង Geek Digital ដើម្បីសម្ដែងការគួរសម និងធ្វើបទបង្ហាញអំពីអាជីវកម្មរបស់ពួកគេ។

ឯកឧត្តម រដ្ឋមន្រ្តី បានចែករំលែកអំពីការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ ក.ប.ទ. ក្នុងការពង្រឹងអក្ខរកម្មឌីជីថល និងលើកកម្ពស់ធនធានមនុស្សឌីជីថល ដើម្បីជំរុញឱ្យមានធុរកិច្ចថ្មីឌីជីថលរបស់ប្រទេសកម្ពុជាមានការរីកចម្រើន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូមកពីក្រៅប្រទេស ដែលរួមមានក្រុមហ៊ុន Plug & Play មកពីសហរដ្ឋអាម៉េរិក ក្រុមហ៊ុន ARC Startup Accelerator មកពីអឺរ៉ុប និងក្រុមហ៊ុន Block71 មកពីសិង្ហបុរីជាដើម សំដៅបង្កើតឱ្យបាន Unicorn (មានតម្លៃលើសពី ១ប៊ីលានដុល្លារអាម៉េរិក) នៅថ្ងៃអនាគត។
ជាក់ស្តែង សមត្ថភាពរបស់យុវជន និងយុវនារីជាច្រើននៃប្រទេសកម្ពុជាដែលបានចូលរួមប្រកួតប្រជែងផ្នែកឌីជីថល បានឈ្នះពានរង្វាន់កម្រិតជាតិ តំបន់ និងអន្តរជាតិជាបន្តបន្ទាប់។

ជាកិច្ចបញ្ចប់ ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តមរដ្ឋមន្រ្តី និង ក.ប.ទ. ដែលតែងតែចូលរួមគាំទ្រ និងយកចិត្តទុកដាក់លើវិស័យឌីជីថល និងធុរកិច្ចថ្មីឌីជីថល និងជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍លើកទឹកចិត្តដល់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលទាំងអស់ និងបានជំរុញឱ្យបន្តខិតខំបន្ថែមដើម្បីខ្លួនឯង និងប្រទេសជាតិ៕
ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍)





