កិច្ចប្រជុំបច្ចេកទេសលើកទី៤២ នៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុហ៍ បន្តជជែកលើបច្ចេកទេសការងារអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុហ៍ (ICC-Angkor /Sambor Prei Kuk) បានបើកកិច្ចប្រជុំបច្ចេកទេសលើកទី៤២ រយៈពេល ០២ថ្ងៃ ពោលគឺចាប់ពីថ្ងៃ០៩-១០ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាអង្គរ។

ក្នុងកិច្ចប្រជុំបច្ចេកទេសនេះដែរ ផ្តោតទៅលើការជជែកលម្អិតជុំវិញការងារជួសជុល អភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុហ៍។ ថ្លែងក្នុងពិធីនេះ លោកជំទាវរដ្ឋមន្រ្តី ភឿង សកុណា បានសម្តែងនូវការគោរព និងសោកស្តាយជាពន់ពេកចំពោះមរណភាពរបស់ឯកឧត្តម ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា ដែលទទួលមរណភាពនៅថ្ងៃទី០១ ខែមិថុនា កន្លងទៅ ដោយសារគ្រោះថ្នាក់ចរាចរណ៍។

នេះជាការបាត់បង់ធនធានមនុស្ស និងថ្នាក់ដឹកនាំសំខាន់មួយរូបរបស់អាជ្ញាធរជាតិអប្សរា ដែលកន្លងមក ឯកឧត្តមបានរួមចំណែកលើការងារបណ្តុះបណ្តាល និងផ្ទេរចំណេះដឹងផ្នែកធនធានមនុស្សនៅក្នុងស្ថាប័នជាតិមួយនេះ។ល។ ក្នុងនោះដែរ អ្នកចូលរួមក៏បានស្មិងស្មាធិ៍គោរពវិញ្ញាណក្ខន្ធឯកឧត្តម ជុំ សុភមករា ផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំបច្ចេកទេសលើកទី៤២ នេះទាំងអ្នកជំនាញកម្ពុជា និងអន្តរជាតិនឹងពិភាក្សា និងពិនិត្យមើលរបាយការណ៍អភិរក្ស ដំណើរការជួសជុលប្រាសាទបុរាណក្នុងតំបន់រមណីយដ្ឋានអង្គរ និងសំបូរព្រៃគុហ៍ ព្រមទាំងផ្ដល់អនុសាសន៍បច្ចេកទេសមួយចំនួនថែមទៀត។

បន្ថែមលើនេះ ស្មារតីនៃកិច្ចប្រជុំក៏បានបង្ហាញពីគោលបំណងសំខាន់ដោយផ្តោតទៅលើការអភិរក្សថ្មប្រាសាទបុរាណ និងគម្រោងអភិវឌ្ឍន៍ក្នុងតំបន់រមណីយដ្ឋាន ការធ្វើឱ្យមាននិរន្តរភាពបរិស្ថាន ព្រៃឈើ ព្រមទាំងគាំទ្រដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស លើជំនាញអភិរក្ស និងផ្នែកបច្ចេកទេសជាច្រើន៕

ដោយ៖ មករា





