អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ និងក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនៅភូមិចតុលោក
AKP កំពង់ធំ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦--អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍ដឹកនាំដោយលោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខនិងនាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ប្រគល់ជូនគ្រួសារដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៣គ្រួសារ នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។

តាមរបាយការណ៍របស់លោកស្រី ហាក់ ពុទ្ធិតុសិតា អនុប្រធានអនុសាខាកាកបាទក្រហមស្រុកបារាយណ៍បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣គ្រួសាររួមមាន៖ ១.ឈ្មោះ សួន ថាន ភេទប្រុស អាយុ ៤៥ឆ្នាំ។ ២.ឈ្មោះ ឯក គឿន ភេទស្រី អាយុ ៥៦ឆ្នាំ និង៣.ឈ្មោះ អ៊ុយ ហយ ភេទប្រុស អាយុ៤០ ឆ្នាំ រស់នៅភូមិចតុលោក ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ករណីនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ នៅវេលាម៉ោង៥ៈ០០ល្ងាច ធ្វើឱ្យខូចខាតផ្ទះនិងរបើកដំបូលអស់មួយចំនួន។

មានប្រសាសន៍នៅក្នុងពិធីនេះ លោកស្រីអភិបាលរងស្រុកបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយអំពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនូវការចូលរួមសោកស្ដាយជាទីបំផុតជាមួយគ្រួសាររងគ្រោះបីគ្រួសារ ដែលបានរងផលប៉ះពាល់ដោយធម្មជាតិគឺខ្យល់កន្ត្រាក់បានធ្វើឱ្យខូចខាតផ្ទះសម្បែង។ សូមបន្តប្រកបរបរចិញ្ចឹមជីវិតទៅមុខទៀត និងសូមផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលមានវត្តមាននៅទីនេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំទាំងការផឹកស្អាត ហូបស្អាត និងរស់នៅស្អាត។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកបារាយណ៍បានយកមកប្រគល់ជូនដល់គ្រួសាររងគ្រោះទាំង៣គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករចំនួន១២០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៤០ម៉ឺនរៀល៕
ដោយ ស៊ុម វណ្ណា





