សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦--សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានមានប្រសាសន៍ថា ការប្រកាន់យកដំណោះស្រាយដោយសន្តិវិធីរបស់រាជរដ្ឋាភិបាល គឺជារឿងត្រឹមត្រូវដោយយោងតាមកិច្ចព្រមព្រៀងដែលមានចែងក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងស្របតាមអ្វីដែលសហគមន៍អន្តរជាតិចង់បាន។ ដូច្នេះ បើកម្ពុជាផ្ទុះអាវុធមុន គឺជាបរាជ័យធ្ងន់ធ្ងរនៃនយោបាយការទូត។ ម្យ៉ាងទៀត ការផ្ទុះអាវុធនឹងបង្កសោកនាដកម្មធំធេង ហើយក៏មិនអាចដោះស្រាយបញ្ហាព្រំដែនបានដែរ។ ប្រសាសន៍របស់សម្តេចតេជោបានធ្វើឡើងក្នុងឱកាសចុះសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹកជាង ២ ៨០០ គ្រួសារក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នេះ។
ក្នុងការធ្វើ បច្ចុប្បន្នភាពស្តីពី «ការវិវឌ្ឍន៍ស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នៅថ្ងៃអង្គារ ៩រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា សម្តេចតេជោសង្ឃឹមថា ភាគីថៃនឹងគោរពតាមកិច្ចព្រមព្រៀង ពិសេសចំណុចទី៣ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់ភារកិច្ចជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះវាស់វែងឱ្យបានឆាប់បំផុត។ ប្រសិនបើភាគីថៃមិនព្រមវាស់វែង គឺជាការទទួលខុសត្រូវរបស់ថៃ។
សម្តេចប្រមុខរដ្ឋស្តីទីបញ្ជាក់ថា អាចយោគយល់បានអំពីភាពយឺតយ៉ាវខ្លះរបស់ថៃដោយសារបញ្ហាផ្ទៃក្នុង ប៉ុន្តែ សម្តេចបានចោទជាសំណួរថា បើថៃមិនព្រមធ្វើ តើពិភពលោកត្រូវឈរមើលឬយ៉ាងណា? ពាក់ព័ន្ធនឹងការបើកច្រកព្រំដែន សម្តេចតេជោក៏បានបញ្ជាក់ច្បាស់ៗថា កម្ពុជាគ្មានការចាំបាច់ដែលត្រូវនិយាយពីបញ្ហានេះទៀតឡើយ ហើយប្រជាពលរដ្ឋខ្មែរក៏មិនចាំបាច់ទន្ទឹងរង់ចាំការបើកព្រំដែននោះដែរ។ ផ្ទុយទៅវិញ ការគាំទ្រផលិតផលក្នុងស្រុកគឺជារឿងចាំបាច់ដែលត្រូវនាំគ្នាធ្វើ។
សម្តេចតេជោ បានដាក់ឈ្មោះភូមិដែលរាជរដ្ឋាភិបាលផ្តល់ជាជម្រកបណ្តោះអាសន្នជូនជនភៀសសឹកថាជា «ភូមិរង់ចាំ» ពីព្រោះទោះបីជារាជរដ្ឋាភិបាលផ្តល់ជូនផ្ទះសម្បែងជូនបងប្អូនជនភៀសសឹករស់នៅក៏ពិតមែន ប៉ុន្តែ រាជរដ្ឋាភិបាលមិនបោះបង់ចោលការទាមទារដីរបស់កម្ពុជាមកវិញជាដាច់ខាត។ សម្តេចតេជោក៏បានបញ្ជាក់ថា ក្រោយពេលទាមទារដីបានមកវិញ រាជរដ្ឋាភិបាលក៏នៅតែប្រគល់ផ្ទះបណ្តោះអាសន្ននេះជូនពលរដ្ឋភៀសសឹកដដែល។ ឆ្លៀតឱកាសនេះ សម្តេចតេជោក៏បានកោតសរសើររាជរដ្ឋាភិបាលដែលបានចាត់វិធានការយ៉ាងលឿនរហ័ស ក្នុងការសង់ផ្ទះសម្បែងបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹក។ សម្តេចប្រមុខរដ្ឋស្តីទីបានសង្កត់ធ្ងន់ថា កម្ពុជាត្រូវធ្វើជារដ្ឋដែលគោរពច្បាប់៕

ដោយ៖ គង់ សិរីរ័ត្ន





