សម្ដេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាមស្រុកស្វាយចេក ដែលជនភៀសឹកស្នាក់នៅថាជា «ភូមិរង់ចាំ»
AKP បន្ទាយមានជ័យ ថ្ងៃទី0៩ ខែមិថុនា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រសិទ្ធនាមឈ្មោះឱ្យមណ្ឌលបណ្តោះអាសន្នស្លក្រាម ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដែលជនភៀសសឹកស្នាក់នៅថាជា «ភូមិរង់ចាំ» ដោយសម្ដេចតេជោបញ្ជាក់យ៉ាងច្បាស់ថា យើងសាងសង់ភូមិនេះហើយ ប៉ុន្តែយើងមិនបោះបង់ការទាមទារដីមកវិញនោះទេ ដីត្រូវតែទាមទារត្រឡប់មកវិញ។

ការលើកឡើងរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបែបនេះ ក្នុងខណៈអញ្ជើញជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋភៀសសឹកនៅមណ្ឌលបណ្តោះអាសន្ន ស្លរក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះអង្គទាំងទ្វេមានព្រះទ័យយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះជនភៀសសឹក ចាំតាំងពីពេលសង្គ្រាមបានចាប់ផ្តើម រហូតដល់ពេលនេះ ដែលបង្ហាញពីព្រះទ័យយកចិត្តទុកដាក់ចំពោះសុខទុក្ខ កងកម្លាំងនៅសមរភូមិ និងពលរដ្ឋភៀសសឹកតាមព្រំដែន។ សម្តេចតេជោ ក៏វាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានរៀបចំចាត់ចែងការងារនេះយ៉ាងរហ័ស ដោយសម្តេចសម្ដែងនូវការភ្ញាក់ផ្អើលដែលនាយករដ្ឋមន្ត្រីបច្ចុប្បន្នបានចាត់ចែងការងារនេះយ៉ាងរហ័ស បង្ហាញឱ្យឃើញថា រាជរដ្ឋាភិបាលមិនព្រងើយកណ្តើយចំពោះសុខទុក្ខពលរដ្ឋទេ បានយកចិត្តទុកដាក់ និងធ្វើសកម្មភាពបានទាន់ពេលវេលា។

ជាមួយគ្នានេះ សម្តេចតេជោ ប្រមុខរដ្ឋស្តីទីបានប្រកាសទៀតថា មណ្ឌលបណ្តោះអាសន្នស្លក្រាមស្រុកស្វាយចេក ដែលជនភៀសឹកកំពុងស្នាក់នៅនេះ នឹងក្លាយជាសម្បត្តិផ្ទាល់ខ្លួនរបស់បងប្អូនប្រជាពលរដ្ឋ បើទោះបីជាពួកគាត់បានវិលត្រឡប់ទៅផ្ទះដើមពួកគាត់វិញក៏ដោយ។

យោងតាមរបាយការណ៍របស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានកាលពីវេលាម៉ោង១២៖០០នាទី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងក្រោយពេលមានសភាពការណ៍ចុងក្រោយ ប្រជាពលរដ្ឋភៀសសឹកភាគច្រើន បានវិលត្រឡប់ទៅមូលដ្ឋានរបស់ខ្លួនវិញ។ រីឯប្រជាពលរដ្ឋចំនួន៦ភូមិ ក្នុងនោះ មានភូមិជោគជ័យ ភូមិព្រៃចាន់ ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ដែលភូមិទាំងអស់នេះ ត្រូវបានទាហានថៃដាក់កុងតឺន័រ រាយបន្លាលួសហ៊ុព័ទ្ធបន្តគ្រប់គ្រងទាំងកម្រោលធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមិនអាចវិលត្រឡប់ ចូលទៅរស់នៅវិញបាន។ ឯកឧត្ដមបានបន្ដថា ពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ខ្លួនវិញបាន ត្រូវបានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយធ្វើការដោះស្រាយជូនក្នុងជំហានទី១ ដោយឱ្យពួកគាត់រស់នៅក្នុងតង់ធម្មតា បន្ទាប់មកមានការផ្តល់តង់ដោយរាជរដ្ឋាភិបាល និងតង់ដែលផ្តល់ដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមន្នី ព្រមទាំងតង់ដែលជាជំនួយរបស់ប្រទេសចិន ដោយបានរៀបចំជូនឱ្យពួកគាត់ស្នាក់ក្នុងវត្តចំនួនពីរកន្លែងគឺ វត្តចាន់ស៊ីសាមគ្គីរតនារាម ស្រុកអូរជ្រៅ សម្រាប់ពលរដ្ឋភូមិជោគជ័យ និងភូមិព្រៃចាន់ និងវត្តកណ្ដោល ស្រុកថ្មពួក សម្រាប់ពលរដ្ឋតំបន់បឹងត្រកួនមាន៖ ភូមិបន្ទាយមានរឹទ្ធ ភូមិត្រពាំងសំរោង ភូមិសាមគ្គី និងភូមិផ្លូវបំបែក។

ឯកឧត្ដមអភិបាលខេត្ដបានបន្ថែមថា ដោយសារមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលគឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់ភារកិច្ចជូន ក្រុមការងារចំពោះកិច្ច ធ្វើការរៀបចំដី ដើម្បីសាងសង់ផ្ទះជូនពួកគាត់រស់នៅឱ្យបានប្រសើរជាងមុន នៅក្នុងមណ្ឌលសមាគមអតីតយុទ្ធជនភូមិ-ឃុំ ស្លក្រាម ស្រុកស្វាយចេក។ មកទល់ពេលនេះ ប្រជាពលរដ្ឋ ដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពបណ្តោះអាសន្ន មានចំនួន ៣ ៣១៨គ្រួសារ ស្មើនឹងចំនួន ១១ ២១៧ នាក់/ស្រី៥ ៦៦៣នាក់ កុមារ ៣ ៨៣៩នាក់ ក្នុងចំណោម ប្រជាពលរដ្ឋ ៣ ៣១៨គ្រួសារ ក្នុងនោះ មានគ្រួសារកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទចំនួន១៤៥គ្រួសារ ដោយផ្តល់ដី ទំហំ ២០មx៣០ម ក្នុង១គ្រួសារ ទំហំផ្ទះ៥ម៉ែត្រx៧ម៉ែត្រ លើផ្ទៃដីចំនួន៤០០ហិកតា ដោយដកទុកសម្រាប់ធ្វើកសិកម្ម ចំនួន១១៣ហិកតា (ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ បានឧបត្ថម្ភជូនរាជរដ្ឋាភិបាល)។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ឱ្យដឹងទៀតថា គិតចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ដំណាច់ខែមេសា ឆ្នាំ២០២៦ និងមកដល់ពេលនេះ ការសាងសង់ផ្ទះដែលដឹកនាំដោយ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានរួចរាល់ចំនួន ២ ៨០៥ ខ្នង ចំពោះទីតាំងនេះដែរយើងបាន រៀបចំទៅតាមភូមិនីមួយៗ ដោយមានស្នាក់ការភូមិគ្រប់ភូមិទាំង៦ និងដីសម្រាប់ធ្វើកសិកម្មដែលទទួលខុសត្រូវដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕
ដោយ៖ ជឹម ណារី





