ស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ពង្រឹងទំនាក់ទំនងទ្វេភាគីផ្នែកសេដ្ឋកិច្ច និងការទូត
AKP ព្រះសីហនុ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃអង្គារ៍ ទី០៩ ខែមិថុនា ឆ្នាំ២០២៦ នេះ បានទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Krishnajie Partadireja ភារធារីនៃស្ថានទូតឥណ្ឌូណរស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ប្រតិភូឥណ្ឌូណេស៊ីមកកាន់ខេត្តព្រះសីហនុ និងអបអរសាទរខួបលើកទី៦៧ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី កាន់តែល្អប្រសើរថែមទៀត ព្រមទាំងបានជម្រាបជូនពីកត្តាភូមិសាស្ត្រ និងវិទ្យសាស្ត្ររបស់ខេត្តតំបន់ឆ្នេរ ដែលមានសក្តានុពលដ៏សម្បុរបែប។

ខេត្តព្រះសីហនុ មាន ០៦ក្រុង-ស្រុក ២៩ឃុំ-សង្កាត់ ស្មើនឹង ១១១ភូមិ។ ខេត្តព្រះសីហនុ មាន GDP ១៣២លានដុល្លារអាមេរិក និង GDP សម្រាប់មនុស្សម្នាក់ជាង ៤.២០០ដុល្លាអាមេរិក។ ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងធនធានធម្មជាតិដ៏សម្បុបែប ដែលរាជរដ្ឋាភិបាលបានប្រសិទ្ធនាមថា តារារះ (នាទិសនារតី) ម្យ៉ាងទៀត ខេត្តព្រះសីហនុជាខេត្តស្នូលក្នុងចំណោមខេត្តតំបន់ឆ្នេរទាំង៤ មានដូចជា ខេត្តព្រះសីហនុ កំពត កែប និងខេត្តកោះកុង ហើយឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោកនៅប្រទេហ្សេណេហ្កាល់ កាលពីឆ្នាំ២០១១។

ឯកឧត្ដមអភិបាលខេត្ត ក៏បានជម្រាបជូនពីផ្លូវគមនាគមន៍ មានដូចជាផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយផ្លូវទឹកបាននិងកំពុងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីជម្រៅទឹក ១៤,៥០ម៉ែត្រ និងបញ្ចប់នៅឆ្នាំ២០៣០ ឱ្យមានជម្រៅទឹករហូតដល់ ១៧,៥០ម៉ែត្រ ដើម្បីអាចឱ្យនាវាដែលចរាចរណ៍នៅលើពិភពលោកចូលចតបាន។ សម្រាប់ផ្លូវគោក តភ្ជាប់ទៅកាន់រាជធានី ខេត្ត មានផ្លូវជាតិលេខ៣ លេខ៤ ផ្លូវល្បឿនលឿន និងផ្លូវដែក ផ្លូវអាកាស មានព្រលានយន្តហោះអន្តរជាតិ មានផ្លូវរត់ប្រវែង ៣.៣០០ម៉ែត្រ អាចតភ្ជាប់ជើងហោះហើរទៅកាន់ពិភពលោក។

ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចចំនួន១៣ ក្នុងនោះ ៥កំពុងដំណើការ និងមួយទៀតកំពុងស្ថាបនាដែលមានរោងចក្រចំនួនជាង២០០ និងមានកម្មករជាង ៦ម៉ឺននាក់។ គោលដៅរបស់រាជរដ្ឋាភិបាល អភិវឌ្ឍន៍ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ១.តំបន់ឧស្សាហកម្ម និងភស្តុភាកម្ម (វិស័យដឹកជញ្ជូន ក្នុងនិងក្រៅតំបន់) ២.ទីក្រុងសមាហរណកម្ម (ទីតាំងលំនៅឋាន ទីផ្សាហិរញ្ញវត្ថុអន្តរជាតិ មជ្ឍមណ្ឌលពាណិជ្ជកម្ម) ៣.កោះ (ជាតំបន់ទេសចរណ៍ធម្មជាតិប្រណិត) ៤.កសិកម្ម (ដូងប្រេង កៅស៊ូ និងវារីវប្បកម្មសមុទ្រ)។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ ផ្លូវចំនួន ៣៧ខ្សែ ទន្ទឹមនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ សម្រាប់ខេត្តព្រះសីហនុ ១.លើកទឹកចិត្តផ្នែកព័ន្ធដារ និង២.ជួយសម្រួលការចុះបញ្ជីពាណិជ្ជកម្ម។

បច្ចុប្បន្ន ប្រជាជនឥណ្ឌូណេស៊ីនៅខេត្តព្រះសីហនុ មានចំនួនច្រើនជាងប្រជាជនចិន ហើយប្រជាជនឥណ្ឌូណេស៊ី ក៏មានការពាក់ព័ន្ធនឹង (Scams Online) ដែលរាជរដ្ឋាភិបាលបានដាក់ចេញវិធានការដើម្បីលប់បំបាត់ និងបោសសំអាតផ្ទះរបស់យើង ហើយខេត្តព្រះសីហនុ ក៏ជាខេត្តមួយក្នុងចំណោមរាជធានី ខេត្តទាំង២៥ ដែលបានអនុវត្តច្បាប់លប់បំបាត់ បោសសំអាត (Scams Online)។
លោក Krishnajie Partadireja ភារធារីនៃស្ថានទូតឥណ្ឌូណេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណគុណឯកឧត្តមអភិបាលខេត្ត និងសហការរី ដែលបានអនុញ្ញាតឱ្យលោកបានចូលជួបសម្តែងការគួសម និងពិភាក្សាការងារទាក់ទងនឹងសេដ្ឋកិច្ច នយោបាយ ហើយបេសកម្មរបស់យើងនាពេលនេះផ្តោតសំខាន់លើសេដ្ឋកិច្ច ដោយសារប្រទេសយើងទាំងពីរមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច កាទូត និងនយោបាយ។ លោកក៏បានថ្លែងអំណគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋឥណ្ឌូណេស៊ីដែលបានកំពុងស្នាក់នៅ និងប្រកបមុខរបនៅលើទឹកដីខេត្តព្រះសីហនុ ហើយស្ថានទូត ក៏ដូចរដ្ឋាភិបាលឥណ្ឌូណេស៊ី គាំទ្រនូវចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំណាត់ការរបស់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការលប់បំបាត់ និងបោសសំអាតផ្ទះ (Scams Online) ដែលជាកត្តានាំមកនូវភាពរុងរឿង។

លោកបានបញ្ជាក់ថា ទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឥណ្ឌូណេស៊ី និងកម្ពុជារយពេល ៣ឆ្នាំចុងក្រោយនេះមានការកើនឡើង ព្រោះខេត្តព្រះសីហនុជាចំណុចស្នូលមួយដែលមានកំពង់ផែទឹកជ្រៅក្នុងការដឹកជញ្ជូនធ្វើទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ហើយស្ថានទូតឥណ្ឌូណេស៊ី ក៏បានរៀបចំកម្មវិធីចំនួន២ ក្នុងនោះ ១.រៀបចំកម្មវិធីម្ហូបអាហារឥណ្ឌូណេស៊ី ដែលមានការគាំទ្រពីស្ថានទូត ២.រៀបចំពិពណ៌ពាណិជ្ជកម្ម និងដាក់តាំងផលិតផលរបស់ឥណ្ឌូណេស៊ី នៅខែកញ្ញាខាងមុខ។ ដំណើទស្សនកិច្ចមកកាន់ខេត្តព្រះសីហនុនាពេលនេះ ក្នុងគោលបំណងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងអាជីវករឥណ្ឌូណេស៊ីដែលកំពុងស្នាក់នៅខេត្តព្រះសីហនុឱ្យចូលរួមគោរពច្បាប់របស់កម្ពុជា៕
ដោយ៖ ងូ សុមុនី





