ឯកឧត្តម ជា វ៉ាន់ដេត ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន ឯកឧត្តម Steven PANG Chee Wee ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការ ក.ប.ទ. ក្នុងឱកាសដែលឯកឧត្តមទើបទទួលបានការតែងតាំងបេសកកម្មការទូតថ្មីនៅកម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូន ឯកឧត្តមឯកអគ្គរដ្ឋទូត អំពីវឌ្ឍនភាពការងារដែលក្រសួងសម្រេចបាននាពេលកន្លងមក ជាពិសេសការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈតាមរយៈថ្នាល DG SuperApp ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពបញ្ញាសិប្បនិម្មិត (AI) នៅកម្ពុជា តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត និងការពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងការប្រើប្រាស់ AI ដើម្បីបង្កើនផលិតភាពការងារ និងលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនានាដែលក្រសួងសម្រេចបាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាលើការងារធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល ការរៀបចំបង្កើតសួនឌីជីថល ការជួយគាំទ្រគ្នាទៅវិញទៅមកលើការបណ្តុះបណ្តាលធនធានមនុស្សឌីជីថល និងការរួមគ្នាប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ។ មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរជាមួយគ្នាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

ដោយ៖ ណយ នឿន (ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍)





