នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងប្រធានាធិបតីសហរដ្ឋអាមេរិក សន្ទនាគ្នាតាមទូរស័ព្ទ ខណៈដែលអ៊ីរ៉ង់ផ្អាកការវាយប្រហារលើអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងតែលអាវីវ និងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋធានីលីបង់។
ប៉ុស្តិ៍ទូរទស្សន៍ Channel 13 របស់អ៊ីស្រាអែលបាននិយាយថា ការហៅទូរស័ព្ទនេះបានកើតឡើងភ្លាមៗមុនពេលអ៊ីរ៉ង់ប្រកាសផ្អាកការវាយប្រហាររបស់ខ្លួនលើអ៊ីស្រាអែល ប្រសិនបើទីក្រុងតែលអាវីវបញ្ឈប់ការវាយប្រហាររបស់ខ្លួន។
សារព័ត៌មាន Israel Hayom បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្ញើសារទៅកាន់អ៊ីរ៉ង់ថា គ្មានការវាយប្រហារបន្ថែមទៀតនឹងត្រូវបានធ្វើឡើងប្រឆាំងនឹងខ្លួនទេ ប្រសិនបើទីក្រុងតេអេរ៉ង់យល់ព្រមមិនបន្តការប្រយុទ្ធ។
អាជ្ញាធរអ៊ីស្រាអែលមិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការទៅលើការហៅទូរស័ព្ទរវាងលោក ណេតាន់យ៉ាហ៊ូ និងលោក ត្រាំ ឬការបញ្ឈប់អរិភាពជាមួយអ៊ីរ៉ង់នៅឡើយទេ។
ទោះជាយ៉ាងណាក៏ដោយ ប៉ុស្តិ៍ទូរទស្សន៍ Channel 12 របស់អ៊ីស្រាអែល ដោយដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែលម្នាក់ បាននិយាយថា ទីក្រុងតែលអាវីវកំពុងបញ្ឈប់ការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់តាមការស្នើសុំរបស់លោក ត្រាំ។
ភាពតានតឹងបានកើនឡើងកាលពីថ្ងៃអាទិត្យ នៅពេលដែលអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើរដ្ឋធានីបេរូតរបស់ប្រទេសលីបង់ បើទោះបីជាមានបទឈប់បាញ់ជាបន្តបន្ទាប់ក៏ដោយ ដែលជំរុញឱ្យអ៊ីរ៉ង់បាញ់មីស៊ីលទៅលើភាគខាងជើងនៃប្រទេសអ៊ីស្រាអែលវិញជាការសងសឹក ដោយអ៊ីស្រាអែលបានបាញ់ប្រហារតាមអាកាសជាច្រើនលើកប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងការបង្ហោះមួយនៅលើវេទិកា Truth Social របស់លោកនៅព្រឹកថ្ងៃចន្ទ លោក ត្រាំ បានអំពាវនាវឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់បញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗ បន្ទាប់ពីការវាយប្រហារគ្នាតាមអាកាសទៅវិញទៅមក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





