កាកបាទក្រហមខេត្តបន្ទាយមានជ័យបង្វឹកគ្រូបង្គោល ២៥នាក់ ដើម្បីលុបបំបាត់ការគ្រងនៃគ្រាប់មីនតាមព្រំដែន
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ដើម្បីចូលរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ និងលុបបំបាត់គ្រោះថ្នាក់ពីសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលយ៉ាងដិតដល់មួយ ដើម្បីបំប៉នសមត្ថភាពដល់អ្នកស្ម័គ្រចិត្ត និងមន្ត្រីមូលដ្ឋានឱ្យក្លាយជា «គ្រូបង្គោល» ក្នុងការផ្សព្វផ្សាយចំណេះដឹងពីហានិភ័យគ្រាប់មីន។

វគ្គបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ (ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦) នេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការសាខាខេត្ត ក្រោមអធិបតីភាព លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ និងលោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រមទាំងមានការចូលរួមពី លោក ប៊ិស្នុ ម៉ាហាត (Bishnu Mahat) អ្នកជំនាញផ្នែកអាវុធយុទ្ធភណ្ឌ នៃគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC)។ សិក្ខាកាមដែលជាកម្លាំងជួរមុខចូលរួមក្នុងវគ្គនេះមានចំនួន ២៥នាក់ រួមមានក្រុមប្រតិបត្តិសាខា អនុសាខា ក្រុមកាកបាទក្រហមឃុំ និងអ្នកស្ម័គ្រចិត្តភូមិគោលដៅ ដែលធ្លាប់រងផលប៉ះពាល់ដោយសារសង្រ្គាមឈ្លានពានពីសំណាក់ភាគីថៃមកលើដែនបូរណភាពទឹកដីកម្ពុជា។

នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលនោះ លោក បឹង គឹមសឹង អនុប្រធានគណៈកម្មាធិការសាខា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្ត បានថ្លែងសង្កត់ធ្ងន់ពីសារៈសំខាន់មិនអាចខ្វះបាននៃចំណេះដឹងមួយនេះ។ លោកបានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល ស្ដីពីការអប់រំអំពីហានិភ័យនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់បងប្អូនយើងដែលកំពុងរស់នៅលើមូលដ្ឋានរាល់ថ្ងៃ។ នេះមិនត្រឹមតែជាការរៀនសូត្រធម្មតានោះទេ ប៉ុន្តែវាជាបេសកកម្មមនុស្សធម៌ក្នុងការចូលរួមចំណែកលើកកម្ពស់សុខភាព និងតម្លៃមនុស្សធម៌ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរងរបួសដោយសារគ្រាប់មីនឱ្យមកនៅត្រឹមកម្រិតសូន្យ។

លោកបានបន្ថែមទៀតថា គោលបំណងចម្បង គឺការបង្កើនសមត្ថភាពដល់អ្នកស្ម័គ្រចិត្ត និងមន្ត្រីជួរមុខទាំង ២៥នាក់នេះ ឱ្យក្លាយទៅជា «គ្រូបង្គោលដែលមានសមត្ថភាពពិតប្រាកដ» ដែលអាចក្ដាប់បាននូវវិធីសាស្ត្រប្រតិបត្តិអង្គការមនុស្សធម៌ប្រកបដោយសុវត្ថិភាព ហើយយកចំណេះដឹងទាំងនេះទៅបន្តការអប់រំ ផ្សព្វផ្សាយ និងដាស់តឿនក្រើនរំលឹកដល់ប្រជាពលរដ្ឋដទៃទៀត ដែលកំពុងរស់នៅក្នុងតំបន់ប្រឈមខ្ពស់នានាទូទាំងខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ លោក មុំ ភិរក្ស នាយករងនាយកដ្ឋានទំនាក់ទំនង ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ក៏បានជំរុញ និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តទាំងអស់ ឱ្យយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីគ្រូឧទ្ទេស និងអ្នកជំនាញអន្តរជាតិ ដើម្បីធានាថា ការចុះជួយសហគមន៍ទៅថ្ងៃមុខ ធ្វើឡើងប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់បំផុត។ ការយល់ដឹងពីរបៀបការពារខ្លួន និងការផ្សព្វផ្សាយត្រឹមត្រូវ គឺជាខែលការពារដ៏រឹងមាំសម្រាប់ប្រជាជននៅតាមខ្សែបន្ទាត់ព្រំដែន។

ជាទីបញ្ចប់នៃកម្មវិធី លោក បឹង គឹមសឹង បានថ្លែងអំណរគុណដល់ដៃគូអន្តរជាតិ (ICRC) និងបានប្រសិទ្ធពរជ័យជូនដល់គណៈអធិបតី ក៏ដូចជាបងប្អូនសិក្ខាកាមទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យខ្ពស់ក្នុងការបំពេញកាតព្វកិច្ចក្នុងវគ្គបណ្ដុះបណ្ដាលនេះ ដើម្បីក្លាយជាបង្អែក និងជាគ្រូបង្គោលដ៏ឆ្នើមសម្រាប់ជាប្រយោជន៍ដល់ខេត្តបន្ទាយមានជ័យទាំងមូល។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់របស់កាកបាទក្រហមកម្ពុជានោះទេ ប៉ុន្តែវាក៏ជាការឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រពង្រឹងសមត្ថភាពសហគមន៍ពីខាងក្នុង ដើម្បីបង្កើតឱ្យមានភូមិ-ឃុំប្រកបដោយសុវត្ថិភាព និងគ្មានការគំរាមកំហែងពីសំណល់ជាតិផ្ទុះពីអតីតកាល៕


ដោយ៖ ឈុន សារ៉ាត





