ក្រសួងកសិកម្ម បើកវេទិកាសាធារណៈដោះស្រាយបញ្ហាចំពោះមុខ និងនាំយក «គម្រោងស្តារជីវភាព» ជូនពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
AKP បន្ទាយមានជ័យ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ការមិនបោះបង់ពលរដ្ឋណាម្នាក់ចោលក្នុងគ្រាលំបាក គឺជាបេសកកម្មស្នូលរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង កាលពីរសៀលថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ វេទិកាសាធារណៈមួយត្រូវបានរៀបចំឡើងយ៉ាងស្និទ្ធស្នាលបំផុតជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកមកពីស្រុកអូរជ្រៅ និងស្រុកថ្មពួក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ដើម្បីស្តាប់កង្វល់ បើកផ្លូវដោះស្រាយ និងនាំមកនូវកាលានុវត្តភាពថ្មីនៃជីវភាព។

វេទិកានេះត្រូវបានផ្តល់កិត្តិយសដឹកនាំដោយ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអូរជ្រៅ (តំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ) រួមដំណើរដោយ ឯកឧត្តមបណ្ឌិត សុខ ហេង ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា ព្រមទាំងតំណាងរដ្ឋបាលខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម ឃឹម ហ្វីណង់ បានថ្លែងសង្កត់ធ្ងន់ទៅកាន់បងប្អូនប្រជាពលរដ្ឋថា «ទោះបីជាបងប្អូនស្ថិតក្នុងស្ថានភាពស្នាក់នៅបណ្តោះអាសន្ន ប៉ុន្តែរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន មិនដែលទុកបងប្អូនចោលឱ្យនៅឯកោឡើយ។ ក្រុមការងារយើងចុះមកផ្ទាល់នៅពេលនេះ គឺដើម្បីរួមសុខរួមទុក្ខ និងធានាថា រាល់ក្តីកង្វល់របស់បងប្អូនត្រូវបានស្តាប់ និងដោះស្រាយ។ លើសពីការដោះស្រាយបញ្ហាចំពោះមុខ ក្រសួងកសិកម្មចង់ឱ្យបងប្អូនមានលទ្ធភាពបង្កើតចំណូលដោយខ្លួនឯង តាមរយៈគម្រោងជួយគាំទ្រជីវភាពនេះឯង»។

ស្របគ្នានេះដែរ ឯកឧត្តមបណ្ឌិត សុខ ហេង ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា បានលើកឡើងពីទិដ្ឋភាពបច្ចេកទេសក្នុងការជំរុញសេដ្ឋកិច្ចគ្រួសារថា ការចិញ្ចឹមមាន់ស្រែ និងការធ្វើកសិកម្មខ្នាតតូច គឺជាដំណោះស្រាយវៃឆ្លាត ប្រើប្រាស់ដើមទុនតិច រយៈពេលខ្លី ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់សម្រាប់ដំណាក់កាលបណ្តោះអាសន្ននេះ។ បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជានឹងនៅក្បែរបងប្អូន ដោយផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសផ្ទាល់ ដើម្បីធានាថា បងប្អូនអាចបង្កើតប្រភពចំណូល និងស្បៀងអាហារប្រចាំថ្ងៃបានដោយជោគជ័យ។

នៅក្នុងបរិយាកាសបើកចំហ បងប្អូនប្រជាពលរដ្ឋភៀសសឹកបានសម្តែងនូវក្តីរំភើបរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់ថ្នាក់ដឹកនាំ ដែលបានចុះមកជួបពួកគាត់ដល់ទីកន្លែង។ តំណាងប្រជាពលរដ្ឋម្នាក់ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងភូមិស្លក្រាម បានលើកឡើង និងក្តីសង្ឃឹមថា «ពួកយើងក្រៅពីបារម្ភរឿងជម្រក និងស្បៀងអាហារប្រចាំថ្ងៃ អ្វីដែលពួកយើងចង់បានបំផុត គឺមុខរបរ ឬការងារដែលអាចធ្វើទៅបានភ្លាមៗនៅនឹងកន្លែង ដើម្បីរកលុយចិញ្ចឹមកូនចៅ។ នៅពេលបានឮឯកឧត្តមទាំងពីរលើកឡើងពីគម្រោងបណ្តុះបណ្តាលចិញ្ចឹមមាន់ស្រែ និងកសិកម្មខ្នាតតូចបែបនេះ ពួកយើងសប្បាយចិត្តណាស់ ព្រោះវាចំអ្វីដែលពួកយើងកំពុងត្រូវការខ្លាំងបំផុត»។
វេទិកាសាធារណៈនេះ មិនត្រឹមតែជាកន្លែងដោះស្រាយវិបត្តិផ្លូវចិត្ត និងបញ្ហាប្រឈមចំពោះមុខប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជា «ស្ពានចម្លង» នាំយកឱកាសសេដ្ឋកិច្ចទៅដល់ដៃពលរដ្ឋរងគ្រោះ។ តាមរយៈយន្តការ «បង្រៀនឱ្យចេះស្ទូចត្រី ជាជាងផ្តល់ត្រី» របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លុះបញ្ចាំងឱ្យឃើញពីការគិតគូរយ៉ាងស៊ីជម្រៅ និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងលើកកម្ពស់គុណភាពជីវិតប្រជាពលរដ្ឋគ្រប់រូប ទោះក្នុងកាលៈទេសៈលំបាកកម្រិតណាក៏ដោយ៕
ដោយ៖ ឈុន សារ៉ាត





