ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បើកកិច្ចសវនកម្មផ្ទៃក្នុងសម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ
AKP កំពង់ធំ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាមហាផ្ទៃ កាលពីរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រាប់ការិយបរិច្ឆេទឆ្នាំ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដែលមានកងកម្លាំងចូលរួមចំនួន ២៨០នាក់។

ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងតំណាងលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានរាយការណ៍ អំពីរចនាសម្ព័ន្ធរបស់កងកម្លាំង ការគ្រប់គ្រងដឹកនាំបញ្ជា ការកសាងអគារមុខងារ ការដាំដើមឈើលម្អបរិស្ថាន និងកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសប្រារព្ធព្រឹត្តិការណ៍សំខាន់ៗនាពេលកន្លងមក ធានាបានសុខសុវត្ថិភាពល្អប្រសើរជូនថ្នាក់ដឹកនាំ សង្គមជាតិ ប្រជាពលរដ្ឋប្រកបដោយសុខដុមរម្យនា។ ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេច ក្នុងការផ្ដល់កិច្ចសហការជាមួយក្រុមការងាររបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ ព្រមទាំងឯកសារពាក់ព័ន្ធលើវិស័យជំនាញនីមួយៗ។

លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន អគ្គនាយករងមានប្រសាសន៍សំណេះសំណាលដោយបានថ្លែងថា ការងារសវនកម្មផ្ទៃក្នុង ការកែលម្អប្រព័ន្ធគ្រប់គ្រង ការពង្រឹងសមត្ថភាពអង្គភាព និងធានាបាននូវប្រសិទ្ធភាពក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ស្របតាមបទបញ្ជា និងបទដ្ឋានគតិយុត្តនានារបស់ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានលើកឡើងគោលការណ៍ ០៦ចំណុច ដែលស្នងការដ្ឋានត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ រួមមាន៖ ទី១. ការត្រួតពិនិត្យតាមដាន និងវាយតម្លៃនូវវឌ្ឍនភាពនៃការអនុវត្តកែលម្អអនុសាសន៍គ្រាមុន។ ទី២. ការងារគ្រប់គ្រងធនធានមនុស្ស។ ទី៣. ការងារគ្រប់គ្រងហិរញ្ញវត្ថុ។ ទី៤. ការងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ។ ទី៥. ការពិនិត្យអំពីវឌ្ឍនភាពនៃការប្រើប្រាស់ថវិកាឧបត្ថម្ភគាំទ្រគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងការចុះសៀវភៅបញ្ជីចំណូលចំណាយដែលក្រសួងមហាផ្ទៃបានផ្តល់ជូន ដើម្បីប្រើប្រាស់ និងគ្រប់គ្រងថវិការដ្ឋឱ្យចំគោលដៅ មានតម្លាភាព និងភាពសន្សំសំចៃនិងទី៦. ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំស្នងការដ្ឋាន អធិការដ្ឋាន ជាពិសេសប៉ុស្តិ៍នគរបាល រដ្ឋបាលចំណុះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ឱ្យបន្តយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នូវអនុក្រឹតលេខ០៣ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ឱ្យសកម្មនូវយុទ្ធនាការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន។ ត្រូវពង្រឹងការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រប់រូបភាពនៃការឆបោកតាមបច្ចេកវិទ្យា ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការស្រាវជ្រាវ ស៊ើបអង្កេត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងរក្សាផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ និងអនុវត្តវិធានការច្បាប់ និងនីតិវិធីនៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ឱ្យបានម៉ឺងម៉ាត់ អនុលោមតាមប្រកាសអន្តរក្រសួងលេខ១៦១ ស្តីពីនីតិវិធី នៃការផាកពិន័យចំពោះម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ។

លោកឧត្តមសេនីយ៍ទោ ហ៊ុយ ប៉ូលីន បានសង្ឃឹមជឿជាក់ថា ការចុះធ្វើសវនកម្មផ្ទៃក្នុងនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំនាឱកាសនេះ ពិតជាទទួលបានជោគជ័យតាមការរំពឹងទុកសម្រេចបានស្របតាមគោលនយោបាយសុីជំរៅរបស់រាជរដ្ឋាភិបាល៕



ដោយ៖ ស៊ុម វណ្ណា





