ឯកឧត្តម គួច ចំរើន ថ្លែងអំណរគុណគ្រួសារវីរកងទ័ពដែលបានលះបង់ ប្ដី កូន ទៅការពារទឹកដី នៅព្រំដែនកម្ពុជា-ថៃ
AKP កណ្ដាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណចំពោះគ្រួសារវីរកងទ័ពដែលបានលះបង់ ប្ដី កូន ទៅការពារទឹកដី នៅព្រំដែនកម្ពុជា-ថៃ។ ការថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកស្អាងរួច ដោយឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយភរិយារបស់វីវកងទ័ពជួរមុខ ក្នុងស្រុកស្អាង ចំនួន៩គ្រួសារ នៅសាលាស្រុកស្អាង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថា សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី តែងតែផ្តាំផ្ញើ និងណែនាំ នៅរៀងរាល់កម្មវិធី កិច្ចប្រជុំ ឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ពិសេសភរិយា និងកូនៗរបស់កងទ័ពនៅជួរមុខ ព្រោះថា ភរិយា និងកូនៗរបស់កងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខ ដែលនេះជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរកងទ័ពជួបមុខ មានការឈឺចាប់បំផុត។ ដោយយល់ពីការលំបាកដូច្នេះហើយ ទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរក្សាវប្បធម៌សួរសុខទុក្ខក្រុមគ្រួសារ ភរិយា របស់កងទ័ពជួរមុខដែលមករស់នៅមូលដ្ឋាន ដើម្បីក្តាប់បាន និងដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ពួកគាត់ និងត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតដោយក្ដីនឹករលឹកបំផុត។

ឯកឧត្តមក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរកងទ័ពជួរមុខថា នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។ ឯកឧត្តមបានឧបត្ថម្ភដល់ភរិយារបស់វីរកងទ័ពជួរមុខទាំង៩គ្រួសារ នូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





