អភិបាលខេត្តកណ្ដាលចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ដើម្បីអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ក្នុងការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ក្នុងព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំកងកម្លាំងមានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្រុងសំពៅពូន បានចុះធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន ដើម្បីបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។

ក្នុងឱកាសចុះធ្វើរដ្ឋបាលនេះដែរ ឯកឧត្តមអភិបាលខេត្តបានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ សូមផ្ដល់ព័ត៌មាន ឬទីតាំងដែលប្រព្រឹត្ត Online Scams ក្នុងខេត្តកណ្ដាល ជាសម្ងាត់ ដើម្បីឈានដល់ការបង្ក្រាបទីតាំងទាំងនោះ និងជូនរង្វាន់ ព្រមទាំងរក្សាការសម្ងាត់ជូនផងដែរ។ ហើយចំពោះប្រជាពលរដ្ឋដែលមានផ្ទះជួលឱ្យជនបរទេស ត្រូវរាយការណ៍ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធ្វើការចុះត្រួតពិនិត្យ និងតាមដានជាប្រចាំ ដើម្បីបញ្ជៀសឲ្យបាននូវការលួចលាក់ប្រព្រឹត្តបទល្មើស Online Scams។

ឯកឧត្តមបានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពរដ្ឋបាល ក្រុង ស្រុក ទាំងអស់ ត្រូវបន្តចុះត្រួតពិនិត្យរដ្ឋបាលជាប្រចាំ ដោយត្រូវប្រើប្រាស់ឥរិយាបថទន់ភ្លន់ ស្នើសុំដល់ម្ចាស់ទីតាំងឬផ្ទះ ដែលមានការសង្ស័យ ឱ្យពួកគាត់ចូលរួមជាមួយអាជ្ញាធរដើម្បីធ្វើការពិនិត្យ ហើយមិនត្រូវប្រព្រឹត្តនូវអ្វីដែលប៉ះពាល់ដល់អារម្មណ៍របស់ប្រជាពលរដ្ឋ នៅពេលដែលចុះពិនិត្យរដ្ឋបាលនោះទេ ក្នុងករណីពិនិត្យឃើញមានបទល្មើស Online Scams ត្រូវធ្វើការបង្ក្រាប និងរាយការណ៍ជាបន្ទាន់ ដើម្បីឈានដល់ការបោសសម្អាតបទល្មើស Online Scams ឱ្យអស់ពីមូលដ្ឋានខេត្តកណ្តាល។

គួរបញ្ជាក់ផងដែរថា ការធ្វើរដ្ឋបាលចំហ ស្របតាមអនុក្រឹត្យលេខ ០៣ អនក្រ.បក ក្នុងភូមិសាស្ត្រក្រុងសំពៅពូន គឺមិនបានរកឃើញបទល្មើស Online Scams ថ្មីណាមួយដែលកើតមានឡើងនៅក្នុងភូមិសាស្ត្រនេះឡើយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





