គណៈប្រតិភូកម្ពុជាធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅសាធារណរដ្ឋឥណ្ឌូនេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ -- ឯកឧត្តម អ៊ុ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅសាធារណៈរដ្ឋឥណ្ឌូនេស៊ី ក្រោមក្របខ័ណ្ឌគម្រោងធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅប្រទេសកម្ពុជា។

ទស្សនកិច្ចសិក្សានេះមានសមាសភាពមកពីតំណាងក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋបាលខេត្តគោលដៅទាំង៥ រួមមាន ខេត្តកណ្តាល កំពង់ស្ពឺ សៀមរាប បាត់ដំបង និងខេត្តព្រះសីហនុ តំណាងធនាគារពិភពលោក និងក្រុមហ៊ុន Crisil សរុបចំនួន៣៦រូប មានរយៈពេល៧ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់អំពីបទពិសោធល្អៗលើការគ្រប់គ្រងសំរាម និងការគ្រប់គ្រងទីលានទុកដាក់សំរាមនៅប្រទេសឥណ្ឌូនេស៊ី ដោយនៅថ្ងៃទី១នៃដំណើរទស្សនកិច្ចគណៈប្រតិភូបានជួបពិភាក្សាជាមួយតំណាងរដ្ឋបាលក្រុងស៊ូរ៉ាបាយ៉ានៅសាលាក្រុង និងបានចុះទៅទស្សនកិច្ចនៅធនាគារសំរាម (Waste Bank) ដែលស្ថិតនៅក្នុងភូមិសាស្ត្រក្រុងស៊ូរ៉ាបាយ៉ា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





