ប្រតិបត្តិកទេសចរណ៍រុស្ស៊ីក្រុមដំបូង បានមកដល់ខេត្តសៀមរាប ដោយ មានការស្វាគមន៍ពីក្រសួងទេស ចរណ៍
AKP សៀមរាប ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម នាង ម៉ៅ រដ្ឋលេខាធិការ តំណាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការមកដល់របស់ក្រុមប្រតិបត្តិកទេស ចរណ៍ជនជាតិរុស្ស៊ីបានមកខេត្តសៀមរាបនាល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីធ្វើការសិក្សាក្នុងគោលដៅយកសកត្តានុពលទេសចរណ៍នៅខេត្តសៀមរាបទៅធ្វើការផ្សព្វផ្សាយ ទាក់ទាញភ្ញៀវទេសចររុស្ស៊ីឱ្យមកលេងខេត្តសៀមរាប ឱ្យបានកាន់តែច្រើន។

ឯកឧត្តមលើកឡើងថានេះគឺជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍កម្ពុជា និងបង្ហាញពីការកើនឡើងនៃទំនុកចិត្តរបស់ភ្ញៀវទេសចរអន្តរជាតិមកលើកម្ពុជា ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយគុណភាព សុវត្ថិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិ។

ឯកឧត្តមក៏បានសម្តែងការគាំទ្រ ចំពោះកិច្ចសហការរវាងវិស័យឯកជន ក្នុងការផ្សព្វផ្សាយកម្ពុជា ទៅកាន់ទីផ្សារទេសចរណ៍រុស្ស៊ី និងអន្តរជាតិ ដោយចាត់ទុកថា នេះជាជំហានដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដំណើរលើកដំបូងនេះ ត្រូវបានចាត់ទុកថា ជាចំណុចចាប់ផ្តើមដ៏សំខាន់មួយ ក្នុងការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងរុស្ស៊ី ជាពិសេស ក្នុងវិស័យទេសចរណ៍ វិនិយោគ និងការផ្លាស់ប្តូរវប្បធម៌ ស្របពេលដែលក្រុមទេសចររុស្ស៊ីបានចាប់ផ្តើមងាកមកស្គាល់ និងចាប់អារម្មណ៍លើប្រទេសកម្ពុជា។

ឯកឧត្ដមបន្ដថា លទ្ធផលវិជ្ជមាននេះ បានកើតមានឡើងបន្ទាប់ពីជំនួបផ្លូវការមួយរវាង លោក Vladimir Palancica និង លោកស្រី ខែក ខេមរ៉ាត់ ជាមួយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីដើមឆ្នាំ២០២៦ ដើម្បីពិភាក្សាអំពីទិសដៅ និងយុទ្ធសាស្ត្រក្នុងការទាក់ទាញទេសចរ និងអ្នកវិនិយោគជនជាតិរុស្ស៊ី មកកាន់ប្រទេសកម្ពុជា។

លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group ដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យទេសចរណ៍អន្តរជាតិ បានលើកឡើងថា កម្ពុជា មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចររុស្ស៊ី ដោយសារមានធនធានទេសចរណ៍ដ៏សម្បូរបែប រួមមានប្រាសាទបុរាណដ៏អស្ចារ្យ តំបន់ឆ្នេរសមុទ្រស្រស់ស្អាត បរិយាកាសសុខសាន្ត សុវត្ថិភាព និងប្រជាជនដែលមានភាពរួសរាយរាក់ទាក់ ដែលមិនចាញ់ប្រទេសដទៃក្នុងតំបន់អាស៊ីអាគ្នេយ៍ឡើយ។ភ្ញៀវទេសចររុស្ស៊ី ត្រូវបានចាត់ទុកថា ជាក្រុមទេសចរដែលមានសមត្ថភាពចំណាយខ្ពស់ និងចូល ចិត្តសេវាកម្មប្រកបដោយគុណភាពខ្ពស់ ដូចជា ទេសចរណ៍សុខភាព ស្ប៉ា រមណីយដ្ឋានឆ្នេរសមុទ្រ ការស្នាក់នៅរយៈពេលវែង និងការធ្វើដំណើរបែប Private & Luxury Tourism។ ជាមធ្យម ពួកគេធ្វើដំណើររយៈពេលពី ៥ ទៅ ៧ថ្ងៃ ហើយមួយចំនួនអាចស្នាក់នៅរហូតដល់១ខែទៅ២ខែ ដែលអាចជួយជំរុញប្រាក់ចំណូលចូលក្នុងវិស័យសណ្ឋាគារ ភោជនីយដ្ឋាន ការដឹកជញ្ជូនសិប្បកម្មក្នុងស្រុកនិងអាជីវកម្មទេសចរណ៍ផ្សេងៗជាច្រើន៕
ដោយ៖ ឃុត សៅ





