ឯកឧត្តម យី វាសនា ដឹកនាំប្រតិភូអត្តពលិកកីឡាបាល់បោះជិះអង្គុយជនពិការ ទៅការពារមេដាយមាសទាំងពីរ បុរស-នារី នៅម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៦--ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានដឹកនាំឯកឧត្តម លោកជំទាវអគ្គលេខាធិការរង មន្ត្រី កីឡាករ កីឡាការិនីបាល់បោះអង្គុយពិការកម្ពុជាចំនួន៣២នាក់ចូលរួមប្រកួតជើងឯកអាស៊ី លើកទី២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ដើម្បីការពារតំណែងម្ចាស់មេដាយមាសទាំងពីរវិញ្ញាសាបុរស-នារី។

ថ្លែងនៅអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម យី វាសនា បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបញ្ជូនអត្តពលិកបាល់បោះអង្គុយជនពិការចំនួន៣២នាក់ លើវិញ្ញាសារ បុរស-នារី ចូលរួមប្រកួតជើងឯកអាស៊ី លើកទី២ នៅប្រទេសម៉ាឡេស៊ី ដោយមានប្រទេស៨ចូលរួមប្រកួតប្រជែង ពីថ្ងៃទី០២-០៦ ខែមិថុនា ឆ្នាំ២០២៦។ អ្វីដែលពិសេស គឺក្រុមបុរស និងនារី ចូលរួមប្រកួតលើកនេះ គឺដើម្បីការពារម្ចាស់ជើងឯក មេដាយមាស ទាំង២វិញ្ញាសាតែម្តង ដែលកម្ពុជាបានទទួលរៀបចំធ្វើម្ចាស់ផ្ទះ ជើងឯកអាស៊ី លើកទី១ កាលពីអំឡុងខែមីនា ឆ្នាំ២០២៥ កន្លងទៅ។

ឯកឧត្តម យី វាសនា មានប្រសាសន៍ថា ការប្រកួតបាល់បោះអង្គុយជនពិការជើងឯកអាស៊ីលើកទី២ នៅប្រទេសម៉ាឡេស៊ី កម្ពុជាបញ្ជូន កីឡាករ និងកីឡាការិនី ចំនួន២ក្រុម ដោយ១ក្រុមមាន១២នាក់ ដើម្បីចូលរួមការប្រកួតនេះ។ ឯកឧត្តមរម្លឹកថា កម្ពុជាបានកសាងប្រវត្តិសាស្ត្រមុនគេ ក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះការប្រកួតលើកទី១ កាលពីឆ្នាំ២០២៥។ ពេលនោះ ក្រុមកម្ពុជាទាំងពីរក្រុមនេះដណ្តើមបានជើងឯកមេដាយមាសទាំងពីរក្រុម។

«ដូច្នេះការចាកចេញទៅលើកនេះ កម្ពុជាចូលរួមប្រកួតលើកទី២របស់ខ្លួន ក្នុងការការពារតំណែងជើងឯកមេដាយមាសផង និងចូលរួមដកស្រង់បចេ្ចកទេសថ្មីៗ ព្រមទាំងកសាង មិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន និងអាស៊ីផងដែរ។ ឯកឧត្តមអគ្គលេខាធិការរូនេះបញ្ជាក់ថា ក្រុមកីឡាករ កីឡាការិនី បានហ្វឹកហាត់ចំនួន៣ខែ។ ដូច្នេះពូកគាត់ទាំង២ក្រុមប្តេជ្ញាចិត្តខ្ពស់ និងបានដាក់ក្តីសង្ឃឹមខ្ពស់ដែរថានឹងអាចដណ្តើមបានមេដាយមាសទាំងពីរវិញ្ញាសាយកមកជូនជាតិជាក់ជាមិនខាន»។ ឯកឧត្តម យី វាសនា បានបន្ថែម។

ជាមួយគ្នានេះ កីឡាការិនី សួន រ៉េម តំណាងក្រុមនារីបាល់បោះអង្គុយជនពិការកម្ពុជាបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការរួមរួមស្មារតីក្រុមទាំងមូល ក្នុងការប្រកួតវគ្គជម្រុះ ដើម្បីឈានទៅប្រជែងមេដាយមាសជូនជាតិ។ តំណាងក្រុមនារីរូបនេះដាក់ក្តីសង្ឃឹម១០០%ថានឹងអាចដណ្តើមមេដាយមាស ជាលើទី២ជូនជាតិមាតុភូមិ ព្រោះថាការហ្វឹកហាត់កន្លងមកមានភាពរីកចម្រើនជាងមុន។
គួរបញ្ជាក់ថា ការប្រកួតកីឡាបាល់បោះអង្គុយជនពិការ ជើងឯកអាស៊ីលើកទី២ ឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ីមាន៨ប្រទេសចូលរួម ដោយវិញ្ញាសាក្រុមបុរសមាន៨ប្រទេសចូលរូម ក្នុងនោះពូល A មានក្រុមកម្ពុជា ឥណ្ឌា បង់ក្លាដែស និងប៊ូតង់ ខណៈផ្នែកនារីមាន៦ប្រទេស ក្នុងនោះក្រុមកម្ពុជា ស្ថិតនៅក្នុងពូលA ជាមួយក្រុមម្ចាស់ផ្ទះម៉ាឡេស៊ី និងប៊ូតង់៕
ដោយ ហេង ណាលីន





