អនុប្រធានទី១រដ្ឋសភា៖ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦--ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា បានគូសបញ្ជាក់ថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា ជាពិសេសវិស័យកសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈកម្ពុជា នៅតែជាប្រទេសដែលពឹងផ្អែកខ្លាំងលើវិស័យងាយរងគ្រោះដោយសារអាកាសធាតុ។

ការលើកឡើងរបស់ឯកឧត្តមប្រធានទី១រដ្ឋសភាធ្វើឡើងក្នុងសន្និសីទសភាជាតិស្តីពី “អភិបាលកិច្ចអាកាសធាតុ” ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ជាម យៀប បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដោយក្នុងឱកាសនោះឯកឧត្តមអនុប្រធានទី១រដ្ឋ សភា បានបញ្ជាក់ថា ការកើនឡើងនៃសីតុណ្ហភាពខ្ពស់ខ្លាំង ការធ្លាក់ភ្លៀងមិនទៀងទាត់ និងគ្រោះរាំងស្ងួតអូសបន្លាយ កំពុងបង្កការគំរាមកំហែងយ៉ាងខ្លាំងដល់កសិករ កម្លាំងពលកម្ម និងសន្តិសុខស្បៀងរបស់កម្ពុជា។ ទន្ទឹមនឹងនេះ គ្រោះទឹកជំនន់ក៏បានប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់វាលទំនាបផងដែរ។

ឯកឧត្តមអនុប្រធានទី១រដ្ឋសភាបានសង្កត់ធ្ងន់ថា បញ្ហាប្រែប្រួលអាកាសធាតុ មិនមែនជាបញ្ហារបស់ប្រទេសណាមួយឡើយ ប៉ុន្តែជាបញ្ហាសន្តិសុខមនុស្សជាតិទាំងមូល ដែលទាមទារឱ្យមានការចូលរួមដោះស្រាយរួមគ្នា។
ជាមួយគ្នានោះដែរឯកឧត្តមក៏ព្រមានថា ប្រសិនបើមិនមានវិធានការជាក់ស្តែងក្នុងការការពារ កាត់បន្ថយ និងបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុទេ នោះពិភពលោកអាចប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច និងមនុស្សធម៌ធ្ងន់ធ្ងរ ដែលអាចនាំទៅរកអស្ថិរភាពសង្គម និងនយោបាយផងដែរ។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានអះអាងថាគ្មានប្រទេសណាមួយអាចយកឈ្នះលើវិបត្តិអាកាសធាតុដោយខ្លួន ឯងបានទេ ព្រោះការប្រែប្រួលអាកាស ធាតុគ្មានព្រំដែន។ ដូច្នេះ ប្រទេសជាសមាជិកអាស៊ាន ត្រូវរួបរួមគ្នាជាសម្លេង និងទិសដៅតែមួយ ដើម្បីការពារប្រជាជន និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងន័យនេះ ឯកឧត្តមបានលើកឡើងពីតួនាទីសំខាន់របស់អាយប៉ា (AIPA) ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងតំបន់ តាមរយៈការសម្របសម្រួលផ្នែកច្បាប់ ការចែករំលែកចំណេះដឹង បច្ចេកទេស និងបទពិសោធន៍ល្អៗ ដើម្បីឆ្លើយតបនឹងបញ្ហាប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមអនុប្រធានទី១រដ្ឋសភាក៏បានអំពាវនាវឱ្យពង្រឹងអភិបាលកិច្ច តម្លាភាព និងការការពារសិទ្ធិ ដើម្បីធានាថា ផលប្រយោជន៍នៃការអភិវឌ្ឍបៃតង នឹងធ្លាក់ទៅដល់សហគមន៍មូលដ្ឋាន និងរួមចំណែកពិតប្រាកដក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ក្នុងឱកាសនោះដែរឯកឧត្តមក៏បានជំរុញឱ្យកាត់បន្ថយរបាំងមិនចាំបាច់នានា ដើម្បីទាក់ទាញការវិនិយោគលើវិស័យថាមពលបៃតង និងថាមពលកកើតឡើងវិញ ព្រមទាំងបង្កើតបរិយាកាសបទប្បញ្ញត្តិអំណោយផល សម្រាប់ការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ប៊ុនរិទ្ធ





