សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បន្ទាយមានជ័យចុះសួរសុខទុក្ខកងទ័ពជួរមុខ និងពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី
AKP បន្ទាយមានជ័យ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ --ក្តីនឹករលឹក និងការគិតគូរពីសុខទុក្ខរបស់យុទ្ធជនជួរមុខ និងប្រជាពលរដ្ឋក្នុងគ្រាមានជំងឺដង្កាត់ នៅតែជាអាទិភាពចម្បងរបស់ថ្នាក់ដឹកនាំខេត្តបន្ទាយ មានជ័យ។ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦ នេះ លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ អមដំណើរដោយលោកស្រី រស់ សុផានី អភិបាលរងខេត្ត និងជាប្រធានសាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានដឹកនាំក្រុមការងារសមាគមនារី សហការជាមួយរដ្ឋបាលខេត្ត ចុះសួរសុខទុក្ខយ៉ាងស្និទ្ធស្នាល និងនាំយកអំណោយឧបត្ថម្ភជូនបងប្អូនកងទ័ពជួរមុខ និងអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី។

នៅក្នុងឱកាសចុះសួរសុខទុក្ខប្រកបដោ យអត្ថន័យនោះ លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី បានពាំនាំនូវការសាកសួរសុខ ទុក្ខដោយក្តីនឹករលឹកបំផុត និងការគិតគូរពីសុខភាពពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជូនចំពោះបងប្អូនកងទ័ពជួរមុខចំនួន ០៤នាក់ ដែលបានលះបង់កម្លាំងកាយចិត្តឈរជើងការពារទឹកដីតាមបន្ទាត់ព្រំដែន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលជំងឺ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកជំទាវ ជ័យ ណារី អ៊ុ រាត្រីបានសម្តែងនូវការកោតសរសើរ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់បងប្អូនកងទ័ពជួរមុខ ដែលជានិច្ចកាលតែងតែឈរជើងការពារបូរណភាពទឹកដីយ៉ាងរឹងមាំ។
លោកជំទាវបានបញ្ជាក់ថាទោះបីជាបងប្អូនស្ថិតក្នុងស្ថានភាពបែបណាក៏ ដោយ ក៏រដ្ឋបាលខេត្ត និងសមាគមនារីមិនដែលបោះបង់ ឬបំភ្លេចបងប្អូនឡើយ។ ការចុះមកសួរសុខទុក្ខ និងនាំយកអំណោយនាពេលនេះ គឺដើម្បីជួយសម្រាលបន្ទុកជីវភាពមួយផ្នែក និងជាការផ្តល់កម្លាំងចិត្តដ៏កក់ក្តៅ ជូនបងប្អូនកងទ័ពឱ្យឆាប់ជាសះស្បើយ ដើម្បីបន្តបេសកកម្មបម្រើជាតិមាតុភូមិ។

ជាមួយគ្នានោះដែរ ដើម្បីជាការលើកទឹក ចិត្ត និងសម្រាលបន្ទុកជីវភាព ក្រុមការ ងារបាននាំយកអំណោយឧបត្ថម្ភជូនដល់កងទ័ពជួរមុខទាំង ០៤នាក់ ដោយក្នុងម្នាក់ៗទទួលបាន ថវិកាចំនួន ៣៦០,០០០ រៀល, អង្ករ ២៥ គីឡូក្រាម, ទឹកសុទ្ធ ១ កេស, មី ១ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, ត្រីខ ១ យួរ, នំ ១ កេស និងទឹកត្រចៀកកាំ ១ កេស។
បន្ទាប់ពីបានសួរសុខទុក្ខ និងប្រគល់អំណោយជូនដល់កងទ័ពជួរមុខរួចមក លោកជំទាវ អនុប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ព្រមទាំងក្រុមការងារ ក៏បានបន្តដំណើរអញ្ជើញសួរសុខទុក្ខ និងបានចែកជូនថវិកាព្រមទាំងនំ ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យចំនួន ១៤នាក់ បន្ថែមទៀត ក្នុងបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយក្តីអាណិតស្រឡាញ់ជាខ្លាំង។

ឆ្លៀតក្នុងឱកាសនោះដែរ បងប្អូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋជាអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី បានសម្តែងនូវក្តីរំភើប រីករាយយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត។ បងប្អូនបានបញ្ជាក់ពីចំណាប់អារម្មណ៍ថា ពួកយើងខ្ញុំពិតជាមានក្តីរំភើប និងកក់ក្តៅជាពន់ពេក ដែលលោកជំទាវ និងក្រុមការងារ បានចំណា យពេលដ៏មានតម្លៃចុះមកសួរសុខទុក្ខ និងផ្តល់អំណោយដល់បន្ទប់សម្រាកព្យាបាលដោយផ្ទាល់។ នេះសបញ្ជាក់ឱ្យឃើញថា ថ្នាក់ដឹកនាំមិនដែលបោះបង់ប្រជាពលរដ្ឋ និងកងទ័ពចោលក្នុងគ្រាលំបាកនោះឡើយ។ កាយវិការដ៏សប្បុរស និងពោរពេញដោយក្តីមេត្តាករុណានេះ បានធ្វើឱ្យយើងខ្ញុំមានកម្លាំងចិត្តកាន់តែខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដង្កាត់ ដើម្បីបានត្រឡប់ ទៅជួបជុំគ្រួសារ និងបន្តបំពេញភារកិច្ចការពារជាតិមាតុភូមិឡើងវិញ។

ជាទីបញ្ចប់ បងប្អូនកងទ័ពជួរមុខ និងប្រជាពលរដ្ឋទាំងអស់ ក៏បានគោរពជូនពរដល់លោកជំទាវ ជ័យ ណារី អ៊ុ រាត្រី, លោកស្រី រស់ សុផានី ព្រមទាំងក្រុមការងារ និងថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចបម្រើជាតិ និងប្រជាជនតទៅមុខទៀត៕
ដោយ ៖ឈុនសារ៉ាត





