សម្ដេចតេជោ ហ៊ុន សែន៖ ប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញមុខមាត់កិត្តិយស សេចក្ដីថ្លៃថ្នូរ ដោយក្រុមឆបោកតាមបច្ចេកវិទ្យា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ --សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា គូសបញ្ជាក់ថា ប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញមុខមាត់កិត្តិយស សេចក្ដីថ្លៃថ្នូរ ដោយក្រុមឆបោកតាមបច្ចេកវិទ្យា (Scams Online) ហើយក្រុមនេះក៏អាចក្លាយទៅជាក្រុម ដែលនឹងគំរាមកំហែងដល់ប្រទេសជាតិរបស់យើងទៅអនាគត។ ការគូសបញ្ជាក់របស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញរាជធានីភ្នំពេញ ដែលប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ធ្វើការសួរចម្លើយចំពោះឧក្រិដ្ឋជនដែលបានចាប់ខ្លួន ឱ្យបានច្បាស់លាស់ ថាពួកគេចូលមកកម្ពុជាតាមប្រទេសណា ដោយសារតែពួកគេពុំមានលិខិតស្នាមឡើយ។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍ដល់ នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ ធ្វើការឱ្យបានហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយចំពោះអ្នកដែលត្រូវបានចាប់ខ្លួនហើយមិនមានលិខិតឆ្លងដែន ថាតើអ្នកឯងចូលកម្ពុជាតាមច្រកណា ដើម្បីយើងបង្ហាញពិភពលោក ឱ្យបានដឹងថាប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ។

សម្ដេចតេជោមានប្រសាសន៍ទៀតថា សម្ដេចបានកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានយកការទទួលខុសត្រូវក្នុងការបង្ក្រាបក្រុមឆបាកតាមបច្ចេកវិទ្យា និងបានស្វាគមន៍ជាមួយនូវការដកចោលនូវមន្ត្រីមួយចំនួន ដែលពាក់ព័ន្ធជាមួយក្រុមឆបោកតាមបច្ចេកវិទ្យា។ សម្ដេចតេជោបានលើកឡើងថា កន្លងមកសម្តេចបានឃើញការដកមន្ត្រីមួយចំនួនហើយ ប៉ុន្តែសម្តេចសុំផ្តល់មតិ ២កម្រិត អ្នកជាប់ពាក់ព័ន្ធមិនមែនត្រឹមដកដំណែងទេ ត្រូវចោទប្រកាន់តាមផ្លូវតុលាការថែមទៀត។ បើកការស៊ើបអង្កេត និងចោទប្រកាន់តាមផ្លូវតុលាការ។ ក្រុមនេះមិនអាចរួចខ្លួនទេ ព្រោះជាក្រុមមហន្តរាយ មន្ត្រីមហន្តរាយ។


ក្នុងឱកាសនោះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីក៏បានបញ្ជាក់បន្ថែមថា បញ្ហាចឆបោកតាមប្រព័ន្ធអនឡាញ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយស និងមុខមាត់កម្ពុជាប៉ុណ្ណោះទេ ហើយក៏ប៉ះពាល់ទៅដល់សេដ្ឋកិច្ចផងដែរ ដោយបញ្ហានេះបានធ្វើឱ្យ វិនិយោគិន ក៏ដូចជាភ្ញៀវទេសចរមានការភ័យខ្លាច។ សម្ដេចតេជោក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាមិនបានពឹងផ្អែកទៅលើការឆបោកតាមប្រព័ន្ធអនឡាញនោះទេ៕
ដោយ៖ ជឹម ណារី





