ក្រសួងអប់រំប្រកាសដាក់ឱ្យអនុវត្តក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦–ក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តនាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ហើយបើតាមការបញ្ជាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីនេះថា ការដាក់ឱ្យអនុវត្តក្របខ័ណ្ឌមួយនេះគឺជាអាទិភាពថ្មីមួយទៀតនៅក្នុងកំណែទម្រង់ឧត្តមសិក្សានៅកម្ពុជា។

ក្នុងឱកាសនេះឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អគ្គនាយកដ្ឋានឧត្តមសិក្សា គ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសធនាគារពិភពលោក សាស្ត្រាចារ្យបណ្ឌិត Aida Suraya Md Yunus និងសាស្ត្រាចារ្យរងបណ្ឌិត Wan Zuhainis Saad មកពីសាកលវិទ្យាល័យពូត្រាម៉ាទ្បេស៊ី ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការតាក់តែង និងអនុវត្តក្របខ័ណ្ឌអប់រំអនាគតផលសម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការដាក់ឱ្យអនុវត្តជាផ្លូវការនូវក្របខ័ណ្ឌអប់រំអនាគតផល សម្រាប់ការអប់រំផ្អែកលើលទ្ធផលនៅឧត្តមសិក្សាកម្ពុជាជារបត់ថ្មីមួយនៃកំណែទម្រង់ឧត្តមសិក្សាឆ្ពោះទៅស្តង់ដាគុណភាពកម្រិតតំបន់ និងអន្តរជាតិ។ ក្របខ័ណ្ឌអប់រំអនាគតផលនេះ គឺជាប្រព័ន្ធសព្វគ្រប់ និងលម្អិតសម្រាប់រៀបចំ និងអនុវត្តកម្មវិធីអប់រំ ដើម្បីផលិតនិស្សិតបញ្ចប់ការសិក្សាឱ្យមានគុណសម្បទា គឺ៖ ១. គុណសម្បទាពេញលេញ និងគំនិតសហគ្រិនភាព ២. ការគិតជាប្រព័ន្ធ ៣. ភាពធន់ ៤. បំណិនសតវត្សរ៍ទី២១ និង ៥. ការសិក្សាពេញមួយជីវិត ដោយក្របខ័ណ្ឌអប់រំអនាគតផលបានរួមបញ្ចូលនូវគោលការណ៍ណែនាំ និងសៀវភៅណែនាំស្តីពីកម្មវិធីសិក្សាបរិវត្តន៍ គរុកោសល្យនវានុវត្តន៍ និងសមាវាយតម្លៃលទ្ធផលសិក្សា ជាផែនទីបង្ហាញផ្លូវសម្រាប់តាក់តែងកម្មវិធីសិក្សាផ្អែកលើតម្រូវការ តម្រង់ទិសក្នុងការអនុវត្តវិធីសាស្ត្របង្រៀន និងរៀនតាមបែបនវានុវត្តន៍ និងជ្រើសរើសវិធីសាស្ត្រវាយតម្លៃលទ្ធផលសិក្សាគ្រប់ជ្រុងជ្រោយស្របតាមតម្រូវការ។


តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃវិស័យឧត្តមសិក្សាកម្ពុជា ដែលលេចចេញពីកិច្ចសហការដ៏ល្អរវាងថ្នាក់ដឹកនាំគម្រោង គណៈកម្មការបច្ចេកទេស ធនាគារពិភពលោក និងដៃគូអភិវឌ្ឍនានា ព្រមទាំងគ្រឹះស្ថានឧត្តមសិក្សាគោលដៅទាំង៩ គ្រូបង្គោល ដែលបានចូលរួម និងប្តេជ្ញាចិត្តក្នុងការអនុវត្តក្របខ័ណ្ឌអប់រំអនាគតផលឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងបានស្នើគ្រប់ភាគីពាក់ព័ន្ធបន្តខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការអនុវត្តក្របខ័ណ្ឌអប់រំអនាគតផលនៅទូទាំងប្រទេស សំដៅកសាងប្រព័ន្ធឧត្តមសិក្សាប្រកបដោយភាពធន់ សម្រាប់ផលិតមូលធនមនុស្សដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំ២០៥០៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





