សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យយកចិត្តទុកដាក់ទៅលើការបន្តបោសសម្អាតក្រុមឆបោកតាមបច្ចេកវិទ្យា ដែលកំពុងមកសម្ងំខ្លួនធ្វើសកម្មភាពនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ --សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យបន្តរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះ ត្រូវយកចិត្តទុកដាក់ទៅលើការបន្តបោសសម្អាតក្រុមឆបោកតាមបច្ចេកវិទ្យា(Scams Online) ដែលកំពុងមកសម្ងំខ្លួនធ្វើសកម្មភាពក្នុងប្រទេសកម្ពុជា ។ ការណែនាំរបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីយ៉ាងដូច្នេះ ក្នុងឱកាសនៃការជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានាជុំវិញរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍សង្កត់ធ្ងន់ថា ប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញមុខមាត់ កិត្តិយស សេចក្តីថ្លៃថ្នូរ ដោយក្រុម Scams Online ពោលគឺពួកឆបោកតាមបច្ចេកវិទ្យា ដែលប្រទេសរបស់យើងត្រូវបានបំផ្លិចបំផ្លាញដោយក្រុមនេះ ហើយក្រុមនេះក៏អាចក្លាយទៅជាក្រុមដែលនឹងគំរាមកំហែងប្រទេសជាតិរបស់យើងទៅអនាគត។ សម្តេចតេជោបានលើកឡើងថា នេះវាជាភ័ព្វសំណាងហើយដែលពលរដ្ឋរបស់យើងមិនទាន់ត្រូវបានគេបង្ហាត់ឱ្យទៅជាអ្នកចេះឆបោកតាមបច្ចេកវិទ្យា យើងបានទប់ស្កាត់ទាន់ពេលវេលា ថ្ងៃក្រោយប្រទេសជាតិរបស់យើងនឹងត្រូវរងគ្រោះដោយសារក្រុមនេះ ដែលជាប្រភេទក្រុមម៉ាសព្យា ដែលថ្ងៃក្រោយសូម្បីតែប្រជាជនយើង មេដឹកនាំរបស់យើង បើវាចង់សម្លាប់ វាសម្លាប់ ព្រោះវាចូលមកនៅក្នុងហ្នឹងទៅហើយ។
សម្ដេចតេជោបានលើកឡើងទៀតថា ឥឡូវចំណោទដែលយើងត្រូវចោទសួរតើអ្នកដែលចូលមកក្នុងបប្រទេសរបស់យើងដែលគ្មានលិខិតឆ្លងដែននេះ តើវាមកតាមណាឱ្យពិតប្រាកដ? សម្ដេចតេជោបន្ដថា បញ្ហានេះត្រូវតែជាសំណួរដែលត្រូវតែមានចម្លើយ ខណៈដែលកម្ពុជាពុំមានជើងហោះហើរតភ្ជាប់ពីប្រទេសក្រៅពីចម្ងាយឆ្ងាយទេ។ សម្ដេចតេជោបានថ្លែងបញ្ជាក់ផងដែរថា៖ «យើងគឺជាជនរងគ្រោះពិតប្រាកដ ដាក់ចេញជាសំណួរហើយត្រូវរកចម្លើយឱ្យឃើញ ថាតើគេចូលមកក្នុងប្រទេសយើងដោយគ្មានលិខិតស្នាមតើចូលមកតាមប្រទេសណា មិនអាចចូលមកតាមពោធិ៍ចិនតុង ឬចូលតាមអាកាសយានដ្ឋានថ្មីមរតកតេជោ ឬក៏អាកាសយានដ្ឋានខេត្តសៀមរាប ឬក៏អាកាសយានដ្ឋានខេត្តព្រះសីហនុនោះទេ តើគេចូលមកប្រទេសយើងតាមប្រទេសណា ដែលអ្នកទាំងហ្នឹងមិនទាន់បានចាកចេញពីកម្ពុជានៅឡើយទេ។ ត្រូវសួរចម្លើយឱ្យច្បាស់ ព្រោះមានប្រទេសខ្លះ ឬអ្នកខ្លះបានព្យាយាមដាក់កំហុសមកលើយើង ក្នុងពេលដែលអ្នកឆបោកទាំងនោះបានចូលមកក្នុងប្រទេសយើងតាមប្រទេសរបស់គេ។»

ជាមួយគ្នានេះ សម្ដេចតេជោប្រមុខរដ្ឋស្ដីទីបានបញ្ជាក់បន្ថែមថា សម្តេចបានជម្រាបឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងថាដោយសារតែអ្នកដែលសម្លាប់និស្សិតកូរ៉េត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ សម្តេចបានស្នើសុំកូរ៉េខាងត្បូងឱ្យចែករំលែកព័ត៌មានថាតើហេតុអ្វីបានគេជ្រើសរើសកម្ពុជាធ្វើជាកន្លែងសម្រាប់សម្លាប់និស្សិតកូរ៉េ ក្នុងពេលដែលមេខ្លោងរបស់គេកំពុងតែនៅក្នុងប្រទេសថៃ តើនេះជាអ្វីឱ្យពិតប្រាកដ។ សម្តេចតេជោក៏សូមផ្តល់ជាអនុសាសន៍ឱ្យនាយករដ្ឋមន្ត្រី ឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា ធ្វើការឱ្យហ្មត់ចត់ជាមួយខាងអន្តោប្រវេសន៍ សួរចម្លើយអ្នកដែលយើងចាប់ ហើយអត់មានលិខិតឆ្លងដែនថាតើគេចូលមកប្រទេសកម្ពុជាតាមច្រកណា ដើម្បីយើងបង្ហាញពិភពលោកឱ្យដឹងថា ប្រទេសណាដែលឆ្លងកាត់ច្រើនជាងគេ សូមអ្នកជិតខាងរបស់យើងរាប់ទាំងថៃ រាប់ទាំងវៀតណាម រាប់ទាំងឡាវ យល់ ខណៈដែលសម្តេចបានអះអាងថា គេមិនអាចឆ្លងតាមវៀតណាមបានទេ ព្រោះវៀតណាមគេគ្រប់គ្រងបានច្បាស់លាស់ណាស់ អាចមានខ្លះជាពលរដ្ឋរបស់គាត់ ដែលយើងបានចាប់បញ្ជូនទៅឱ្យពួកគាត់រួចហើយ ហើយគាត់ក៏បានសហការល្អ ប៉ុន្តែអ្នកផ្សេងទៀតដែលចូលមកដោយឥតមានលិខិតឆ្លងដែន ឥតមានទិដ្ឋាការ ឥតបានចូលតាមច្រកដែលមានការវាយលិខិតស្នាមចេញចូលតើអ្នកទាំងហ្នឹងមកតាមណា។ សម្ដេចតេជោក៏បានជំរុញឱ្យសួរពួកគេទៅដើម្បីយើងមានទិន្នន័យជាក់លាក់មួយ ព្រោះរឿងនេះមិនមែនជារឿងរបស់កម្ពុជាដាច់ដោយឡែកនោះទេ វាជារឿងសកល៕
ដោយ៖ ចាន់ សុភឿន





