អភិបាលស្រុកគិរីវង់ ចុះពិនិត្យការស្ដារប្រឡាយទឹក១ខ្សែ នៅឃុំរៀមអណ្ដើក
AKPតាកែវ ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៦--លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ រួមជាមួយលោកមេឃុំរៀមអណ្ដើក និងមន្ត្រីបច្ចេកទេសស្រុក ចុះពិនិត្យការស្ដារប្រឡាយទឹកមួយខ្សែ ដែលមានសារៈសំខាន់បំផុតសម្រាប់វិស័យកសិកម្មក្នុងមូលដ្ឋាន។ប្រឡាយ១ខ្សែនេះមានប្រវែង1 626ម៉ែ ត្រ ឆ្លងកាត់ ៣ភូមិគឺភូមិកោះកុសល ភូមិពង្រ និងភូមិគោករកា ឃុំរៀមអណ្ដើកស្រុកគិរីវង់ខេត្តតាកែវ។ពិធីនេះរៀប ចំ ឡើងកាលពីថ្ងៃទី១១ខែឧសភាឆ្នាំ ២០២៦។

ក្នុងឱកាសចុះពិនិត្យការដ្ឋាននោះដែរ លោក ងួន ឌីណា អភិបាលនៃគណៈអភិបាលស្រុកគិរីវង់ បានសម្ដែងនូវការកោតសរសើរនិងអរគុណយ៉ាងជ្រាល ជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំង អស់ ដែលបានផ្ដល់នូវកិច្ចសហការ យ៉ាងល្អប្រសើរជាមួយអាជ្ញាធរ ធ្វើឱ្យដំណើរការនៃការស្ដារប្រឡាយនេះ ប្រព្រឹត្តទៅបានយ៉ាងរលូនតាំងពីចាប់ផ្ដើមរហូតមក។ ប្រឡាយទឹកដែលកំពុងដំណើរការស្ដារនេះ ជាប្រភពទឹកដ៏សំខាន់ វាមានសមត្ថភាពនាំទឹកស្រោច ស្រព លើផ្ទៃដីស្រែរបស់ប្រជាកសិករបានប្រមាណ650ហិកតា។

ក្រៅពីតួនាទីផ្ដល់ទឹកសម្រាប់បង្កបង្កើន ផលស្រូវ ប្រឡាយមួយខ្សែនេះក៏ជាយន្តការដ៏សំខាន់ក្នុងការជួយរំដោះទឹក ដើម្បីការពារការជន់លិចភូមិកររបស់បងប្អូនប្រជាពលរដ្ឋ និងផលដំណាំដែលធ្លាប់ជាបញ្ហាប្រឈមនាពេលកន្លងមក។

លោក ងួន ឌីណា ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរឃុំ ភូមិ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកទទួលផលផ្ទាល់ សូមជួយថែរក្សាការពារសមិទ្ធផលនេះឱ្យបានល្អប្រសើរ និងប្រើប្រាស់ឱ្យចំគោលដៅ។ដើម្បីធានានិរន្តរភាពក្នុងការប្រើប្រាស់បានយូរអង្វែង សម្រាប់ជាប្រយោជន៍ក្នុងសហគមន៍ និងការលើកកម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋ តាមរយៈការធ្វើកសិកម្មឱ្យកាន់តែរីកចម្រើនឡើង។
លោកអភិបាលស្រុកគិរីវង់ ងួន ឌីណា បានមានប្រសាសន៍បន្ថែមថា សមិទ្ធផលនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុកគិរីវង់ ក្នុងការដោះស្រាយបញ្ហាទឹក ដែលជាតម្រូវការចាំបាច់បំផុតរបស់ប្រជាកសិករ ស្រប តាមគោលនយោបាយអភិវឌ្ឍន៍ វិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។
ការស្ដារប្រឡាយនេះជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់បងប្អូនប្រជា កសិករ ក្នុងការធានាបានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ លើផ្ទៃដីបង្ក បង្កើនផលស្រូវ និងសម្រាប់ដោះស្រាយបញ្ហាប្រឈម រំដោះទឹកជំនន់ជន់លិចនារដូវវស្សាផងដែរ។ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ គឺជាការលើកកម្ពស់ជីវភាព និងបង្កើនទិន្នផលស្រូវក្នុងតំបន់ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត៕
ដោយ៖ អ៊ុច សៀង





