តំបន់រ៉ាមសារបឹងទន្លេឆ្មារជាជម្រកដ៏សុខសាន្ដរបស់សត្វស្លាប និងជីវៈចម្រុះនៃបឹងទន្លេសាប
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ទិដ្ឋភាពដ៏ស្រស់ស្អាតនៃហ្វូងសត្វននាលពណ៌ និងសត្វស្លាបទឹកជាច្រើនកំពុងរកចំណីយ៉ាងសុខសាន្ដនៅតំបន់ដីសើមនៃតំបន់រ៉ាមសារបឹងទន្លេឆ្មារបានបង្ហាញឱ្យយើងឃើញពីសម្រស់ធម្មជាតិ និងសារៈសំខាន់ផ្នែកអេកូឡូស៊ីដ៏អស្ចារ្យនៃបឹងទន្លេសាប។ នេះបើតាមការឱ្យដឹងពីអង្គការ NatureLife នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ។

តំបន់រ៉ាមសារបឹងទន្លេឆ្មារ គឺជាតំបន់ដីសើមដែលមានសារៈសំខាន់ជាអន្តរជាតិមួយរបស់កម្ពុជា ក្រោមអនុសញ្ញារ៉ាមសារ ដែលមានភូមិសាស្រ្ដស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ នៅរដូវទឹកសម្រក តំបន់ដីសើមដ៏ធំល្វឹងល្វើយនេះបានក្លាយជាទីជម្រក កន្លែងសម្រាក និងរកចំណីដ៏សំខាន់សម្រាប់សត្វស្លាបទឹកទេសប្រវេសន៍ និងសត្វស្លាបក្នុងតំបន់ជាច្រើនប្រភេទ។ តំបន់រ៉ាមសារបឹងទន្លេឆ្មារ ជាទីតាំងរកចំណីដ៏សំខាន់សម្រាប់ជីវៈចម្រុះកម្រ និងជិតផុតពូជ ជាពិសេសសត្វស្លាបទឹកទេសប្រវេសន៍។
ព្រៃលិចទឹកដ៏សម្បូរបែប ផ្ដល់ទីជម្រក កន្លែងបន្ដពូជ និងប្រភពចំណីសម្រាប់មច្ឆជាតិជាច្រើនប្រភេទ។ ទេសភាពធម្មជាតិ និងហ្វូងសត្វ ស្លាបដ៏ស្រស់ស្អាត មានសក្ដានុពលខ្ពស់សម្រាប់អេកូទេសចរណ៍ ការទស្សនាសត្វស្លាប ការថតរូបសត្វព្រៃ និងការសិក្សាស្រាវជ្រាវ។

តំបន់រ៉ាមសារបឹងទន្លេឆ្មារ នៅមានធនធានធម្មជាតិ និងតម្លៃអេកូឡូស៊ីជាច្រើនទៀត ដែលយើងទាំងអស់គ្នាគួរចូលរួមស្វែងយល់ ការពារ និងអភិរក្សសម្រាប់មនុស្សជំនាន់ក្រោយ។ ចូររួមគ្នាការពារធនធានធម្មជាតិ និងអភិរក្សប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាបរបស់យើងទាំងអស់គ្នា ៕
ដោយ ណយ នឿន (ប្រភព៖NatureLife)





