រាត្រីសមោសរ ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីការងារសង្គមខេត្តព្រៃវែង
AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦--ដើម្បីការងារសង្គមសម្រាប់ខេត្តព្រៃវែង រាត្រីសមោសរមួយត្រូវបានប្រារព្ធឡើងនៅដឹព្រេមៀសេនធ័រសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ក្រោមវត្តមានចូលរួមពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ។

ក្នុងឱកាសនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃគណៈកម្មការរៀបចំពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង” ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក ព្រមទាំងកោតសរសើរចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញាជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈពិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នេះ ដោយបានគូសបញ្ជាក់ថា កាយវិការដ៏សប្បុរសនេះពិតជាបង្ហាញឱ្យឃើញនូវឆន្ទៈ ស្មារតី និងបេះដូង ក្នុងការចែករំលែកមួយដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងដោយឡែក សម្រាប់មូលដ្ឋានខេត្តព្រៃវែង។

ឯកឧត្តមអភិសន្តិបណ្ឌិតបានបន្តថា សកម្មភាពចូលរួមពីសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាងនេះទៅទៀត សកម្មភាពដ៏ល្អនេះ គឺជាការបន្តនូវវប្បធម៌ចែករំលែក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបានសង្គមជាតិមួយដ៏រឹងមាំ និងប្រកបដោយភាពសុខដុមរមនាក្រោមដំបូលនៃសន្តិភាព។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ជំនួយរបស់សប្បុរសជនទាំងអស់ទាំងពេលកន្លងមកក៏ដូចជាពេលនេះ ពិតជាបានជួយដល់រដ្ឋបាលខេត្តព្រៃវែងឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ជាពិសេសឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





