រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦
AKP ស្ទឹងត្រែង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ -- រដ្ឋបាលខេត្តស្ទឹងត្រែង នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ បានប្រារព្ធពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ក្នុងគោលបំណងអំពាវនាវដល់សប្បុរសជន និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យបន្តការគាំទ្រ និងចូលរួមសកម្មភាពមនុស្សធម៌ ដើម្បីជួយសង្គ្រោះជីវិត និងកាត់បន្ថយទុក្ខលំបាករបស់ប្រជាជន។

បើតាមការគូសបញ្ជាក់ពី ឯកឧត្តម សរ សុពុត្រា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានឱ្យដឹងថា ការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាននូវស្មារតី សម្ភារៈ ស្បៀង និងមូលនិធិ គឺជាសកម្មភាព ជំរុញឱ្យសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងកាន់តែមានលទ្ធភាពយ៉ាងច្រើនក្នុងការជួយទៅដល់អាជ្ញាធរមូលដ្ឋានក្នុងវិស័យមនុស្សធម៌បានយ៉ាងស័ក្តិសម រួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនោះ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានឱ្យដឹងថា មូលនិធិជំនួយមនុស្សធម៌របស់សប្បុរសជនទទួលបានចំនួន ៦៩.១៧៦ដុល្លារសហរដ្ឋអាម៉េរិកសម្រាប់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង ក្នុងពិធីប្រារព្ធខួបលើកទី១៦៣ ទិវាពិភពលោកកាកបាទក្រហម ៨ ឧសភានេះ។ ឯកឧត្តមបានថ្លែងថា យើងត្រូវបន្តគិតគូរពីសុខភាព និងសុខុមាលភាពរបស់ប្រជាជនក្នុងមូលដ្ឋាន ហើយថា ការចូលរួមជាថវិកា សម្ភារៈ និងស្បៀងនានា សម្រាប់ការងារមនុស្សធម៌ គឺដើម្បីត្រៀមលក្ខណៈគ្រប់បែបយ៉ាងជួយដល់ប្រជាពលរដ្ឋ គ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ការលើកកម្ពស់សុខភាព ការថែទាំសុខភាពតាមសហគមន៍ និងទប់ស្កាត់នូវជំងឺឆ្លងនានា ដោយ ទី១. គឺគិតគូរដល់ប្រជាពលរដ្ឋដែលបានជួបការលំបាកផ្ទាល់ និង ទី២. គឺមានស្បៀងសំរាប់ជួយទៅជនភៀសសឹក ឬក៏ផ្តល់ទៅសមភូមិមុខ។

បើយោងតាមការបញ្ជាក់របស់ឯកឧត្តម សរ សុពុត្រា បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ និងរយៈពេលប៉ុន្មានខែ ឆ្នាំ២០២៦ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានជំរុញការអនុវត្តការងារលើវិស័យអាទិភាពទាំង៤ បានយ៉ាងខ្ជាប់ខ្ជួន ក្នុងនោះបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ គ្រួសាររងគ្រោះដោយអគ្គិភ័យ សាងសង់អណ្តូងស្នប់ជូនសហគមន៍ ហើយការងារយុវជនឆ្នើមថ្នាក់ជាតិបានផ្តល់កញ្ចប់ជូនស្រ្តីសម្រាលកូន ចុះអប់រំសុខភាពដល់ស្រ្តីក្នុងវ័យបន្តពូជ និងផ្តល់អំណោយមនុស្សធម៌ដល់កុមារសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យជាដើម៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង)





