តង់ហ្សានី និងហ្សំប៊ី ព្រមព្រៀងគ្នាបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសតង់ហ្សានី និងហ្សំប៊ី កាលពីថ្ងៃព្រហស្បតិ៍ បានព្រមព្រៀងគ្នាចាត់វិធានការបន្ថែមទៀតក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី ពាណិជ្ជកម្ម និងវិនិយោគ។
កិច្ចព្រមព្រៀងនេះត្រូវបានសម្រេចក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីនៃគណៈកម្មាធិការពាណិជ្ជកម្មរួម ដែលបានធ្វើឡើងនៅទីក្រុងទុនឌូម៉ា នៅតាមព្រំដែនតង់ហ្សានី-ហ្សំប៊ី ជាកន្លែងដែលរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់មកពីភាគីទាំងពីរបានជួបគ្នា ដើម្បីពិនិត្យមើលការអនុវត្តសេចក្តីសម្រេចពីមុន និងពិភាក្សាអំពីបញ្ហាថ្មីៗទាក់ទងនឹងពាណិជ្ជកម្ម។
ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មតង់ហ្សានី លោក ដេននីស ឡុនដូ (Dennis Londo) បាននិយាយថា បញ្ហាប្រឈមលើវិស័យពាណិជ្ជកម្មប្រហែល ២០ករណីដែលប៉ះពាល់ដល់ភាគីទាំងពីរត្រូវបានពិភាក្សា ដោយមាន ៧ករណីត្រូវបានដោះស្រាយដោយជោគជ័យ។
យោងតាមលោក ឡុនដូ បានឱ្យដឹងថា បញ្ហាដែលបានដោះស្រាយរួមមាន ការសម្របសម្រួលស្តង់ដារវាស់ស្ទង់ប្រេងឥន្ធនៈតាមរយៈកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធការលើកលែងការហាមឃាត់ការធ្វើដំណើរពេលយប់នៅប្រទេសហ្សំប៊ីដើម្បីអនុញ្ញាតឱ្យមានចលនាទំនិញ ២៤ម៉ោង និងការកែលម្អឯកសារទំនិញតាមរយៈការដាក់ឱ្យដំណើរការដំណាក់កាលទីមួយនៃប្រព័ន្ធផ្លាស់ប្តូរព័ត៌មានគយ និងការចាប់ផ្តើមដំណាក់កាលទីពីរនៃការធ្វើសមាហរណកម្មប្រព័ន្ធ។
លោកបានកត់សម្គាល់ថា ការដោះស្រាយបញ្ហាប្រឈមទាំងនេះនឹងជួយពង្រឹងពាណិជ្ជកម្មឆ្លងដែន កែលម្អការគ្រប់គ្រងព្រំដែន និងបង្កើនប្រសិទ្ធភាពនៃប៉ុស្តិ៍ព្រំដែនច្រកតែមួយរវាងទីក្រុងទុនឌូម៉ា-ណាកុនដេហើយលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ និងការបន្ថែមតម្លៃ។
លោក ឡុនដូ បានបន្ថែមថា ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានបន្តកើនឡើង ដោយកើនឡើងពី ៣១២លានដុល្លារអាម៉េរិកក្នុងឆ្នាំ២០២៤ដល់ ៣៤៩លានដុល្លារអាម៉េរិកក្នុងឆ្នាំ ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





