ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិនជួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- ទីប្រឹក្សានយោបាយជាន់ខ្ពស់ចិន លោក វ៉ាង ហ៊ូនីង (Wang Huning) បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក ខាលីលួ រ៉ាហ៍ម៉ាន់ (Khalilur Rahman) នៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក វ៉ាង ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) បាននិយាយថា ប្រទេសចិននឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសបង់ក្លាដែសដោយផ្អែកលើគោលការណ៍ ៥យ៉ាងនៃការរួមរស់ដោយសន្តិភាព។
លោក វ៉ាង បានអំពាវនាវឱ្យភាគីទាំងពីរពង្រឹងការផ្លាស់ប្តូរកម្រិតកំពូលគាំទ្រគ្នាទៅវិញទៅមកយ៉ាងរឹងមាំ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗ និងលើកកម្ពស់ការអភិវឌ្ឍស៊ីជម្រៅ និងជាក់ស្តែងនៃភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រទូលំទូលាយចិន-បង់ក្លាដែស ដើម្បីផ្តល់ផលប្រយោជន៍កាន់តែប្រសើរដល់ប្រជាជនទាំងពីរ។ លោកបានបន្ថែមថាគណៈកម្មាធិការជាតិ CPPCC មានឆន្ទៈក្នុងការចូលរួមចំណែកវិជ្ជមានក្នុងរឿងនេះ។
ដោយកត់សម្គាល់ថា ប្រទេសចិនជាមិត្តពិតរបស់ប្រទេសបង់ក្លាដែសលោក រ៉ាហ៍ម៉ាន់ បាននិយាយថា ប្រទេសបង់ក្លាដែសតែងតែចាត់ទុកប្រទេសចិនជាអាទិភាពក្នុងការទូតរបស់ខ្លួន ប្រកាន់ខ្ជាប់យ៉ាងរឹងមាំនូវគោលការណ៍ចិនតែមួយ និងគាំទ្រយ៉ាងខ្ជាប់ខ្ជួនចំពោះការបង្រួបបង្រួមជាតិរបស់ប្រទេសចិន។
លោក រ៉ាហ៍ម៉ាន់ បានបន្ថែមថា ប្រទេសបង់ក្លាដែសទន្ទឹងរង់ចាំបន្តមិត្តភាពជាប្រវត្តិសាស្ត្រជាមួយប្រទេសចិន ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិតកំពូលជាងនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





