ចិនបញ្ជូនជំនួយមនុស្សធម៌ទៅប្រទេសលីបង់ អំឡុងពេលមានជម្លោះកំពុងបន្ត
AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ -- ប្រទេសចិនបានប្រគល់ជំនួយមនុស្សធម៌ចំនួន ២ក្រុមដល់រដ្ឋាភិបាលលីបង់ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះដែលកំពុងបន្តកើតមាន។ ជំនួយនេះរួមមាន ការផ្គត់ផ្គង់ស្បៀងអាហារសង្គ្រោះបន្ទាន់ ក៏ដូចជាតង់ ភួយ និងសម្ភារៈអនាម័យផងដែរ។
លោក ចេន ជួនដុង (Chen Chuandong) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសលីបង់ បានថ្លែងនៅក្នុងពិធីប្រគល់ជំនួយថា ជំនួយសង្គ្រោះបន្ទាន់ដែលផ្តល់ដោយរដ្ឋាភិបាលចិនមានគោលបំណងជួយបន្ធូរបន្ថយវិបត្តិមនុស្សធម៌របស់ប្រទេសលីបង់។
លោកបានមានប្រសាសន៍ថា ជំនួយនេះឆ្លុះបញ្ចាំងពីមិត្តភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដោយលោកបានកត់សម្គាល់ថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំដល់ប្រទេសលីបង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខស្ថិរភាព និងឯកភាពរបស់ខ្លួន ហើយនឹងបន្តផ្តល់ជំនួយក្នុងសមត្ថភាពរបស់ខ្លួន។
លោក បាសសាម ណាប៊ូលស៊ី (Bassam Naboulsi) អគ្គលេខាធិការនៃគណៈកម្មាធិការសង្គ្រោះជាតិលីបង់ និងលោកស្រី ហានីន សាយេដ (Haneen Sayed) រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច បានចូលរួមក្នុងពិធីប្រគល់ជំនួយនិងបានសម្តែងការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះជំនួយនេះ ដោយនិយាយថា ជំនួយដ៏ទាន់ពេលវេលានេះបានបង្ហាញម្តងទៀតថា ប្រទេសចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តរបស់ប្រទេសលីបង់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





